អតីត​នាយករដ្ឋមន្ត្រី​ស្រីលង្កា ត្រូវ​កងទ័ព​ជម្លៀស​ទៅកាន់​កន្លែង​សុវត្ថិភាព

កងទ័ព​ស្រីលង្កា ជម្លៀស​អតីត​នាយករដ្ឋមន្ត្រី​ដែល​ទើបតែ​បាន​លាលែង​ពី​តំណែង Rajapaksa ចេញពី​ភូមិគ្រឹះ​នៅ កូឡុំបូ បន្ទាប់ពី​បាតុករ​រាប់ពាន់នាក់​ឡោមព័ទ្ធ​តំបន់​នេះ។

«ក្រោយពី​បេសកកម្ម​មុន​អរុណរះ អតីត​នាយករដ្ឋមន្ត្រី Mahinda Rajapaksa និង​គ្រួសារ​របស់លោក ត្រូវបាន​កងទ័ព​ធ្វើការ​ឈ្លៀស​ទៅកាន់​កន្លែង​សុវត្ថិភាព។ យ៉ាងហោចណាស់​មាន​គ្រាប់បែក​សាំង​ចំនួន ១០ គ្រាប់ ត្រូវបាន​គប់​ចូល​ទីតាំង​ផ្ទះ» មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​មួយរូប​របស់ ស្រីលង្កា បានឱ្យដឹង​នៅថ្ងៃនេះ។

ជម្លៀស​នេះ​ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី ប្រទេស​ស្រីលង្កា កើតមាន​បាតុកម្មហិង្សា បណ្ដាលឱ្យ​មនុស្ស ៥ នាក់​ស្លាប់ និង​ជិត ២០០ នាក់​រងរបួស។ បាតុករ​រាប់ពាន់នាក់​បាន​ឡោមព័ទ្ធ និង​បំផ្លាញ​ខ្លោងទ្វារ​ចូល​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​នៅ កូឡុំបូ និង​ព្យាយាម​សម្រុកចូល​ខាងក្នុង។

ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa ដែលជា​ប្អូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី Rajapaksa បាន ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន​កាលពី​ថ្ងៃទី ៦ ឧសភា និង​បានប្រគល់​អំណាច​ឱ្យ​កងទ័ព​ដើម្បី​ដោះស្រាយ​ជាមួយ​ក្រុមបាតុករ​ដែល​ចេះតែធំឡើង។

លោក Rajapaksa កាលពី​ថ្ងៃទី ៩ ឧសភា បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទៅកាន់​ប្អូនប្រុស​ដែលជា​ប្រធានាធិបតី ដើម្បី​បើកផ្លូវ​ឱ្យមាន​រដ្ឋាភិបាល​សាមគ្គី​ថ្មី​មួយ» ក្រោយពី​កើតមាន​អំពើហិង្សា​រវាង​ក្រុម​អ្នកគាំទ្រ​ត្រកូល Rajapaksa និង​ក្រុមបាតុករ​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល។

ស្រីលង្កា កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត រាប់​ចាប់តាំងពី​បាន​ឯករាជ្យ។ កាលពី​ខែមេសា រដ្ឋាភិបាល​បានប្រកាស​ក្ស័យធន ដោយ​មិនមាន​ប្រាក់​សម្រាប់​សងបំណុល​ប​រទេស ៥១ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ប្រជាជន​រស់នៅក្នុង​ស្ថានភាព​ដាច់​ភ្លើង ខ្វះ​ស្បៀងអាហារ ឥន្ធនៈ ថ្នាំសង្កូវ ជាដើម អស់​ជាច្រើន​ខែ​មកហើយ។

វិបត្តិ​បានកើត​ឡើង​បន្ទាប់ពី កូ​វីដ-១៩ បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រភព​ចំណូល​សំខាន់​ពី​បរទេស ធ្វើឱ្យ​ប្រទេស​ស្រីលង្កា ធ្លាក់​ក្នុង​ស្ថាន​ខ្វះ​ថវិកា​ដើម្បី​សងបំណុល បង្ខំ​ឱ្យ​រដ្ឋាភិបាល​ហាម​ការ​នាំចូល​ទំនិញ​ជាច្រើន​ប្រភេទ ហើយ​ជា​លទ្ធផល ស្ថានភាព​ខ្វះខាត​កាន់តែ​ធ្ងន់ធ្ងរឡើងៗ បណ្ដាលឱ្យ​បញ្ហា​អតិផរណា​កើនឡើង​ខ្ពស់ និង​ដាច់​ភ្លើង​រយៈពេល​យូរ។

អតីត​នាយករដ្ឋមន្ត្រី Mahinda Rajapaksa

Advertisement