Elon Musk និយាយថា នឹង​ដក​បម្រាម​លើ​ការប្រើ Twitter ចំពោះ អតីត​ប្រធានាធិបតី​អាម៉េរិក

មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ឱ្យដឹងថា ក្នុងនាម​ជា​ម្ចាស់ Twitter លោក​នឹង​ដក​បម្រាម​របស់​បណ្ដាញ​សង្គម Twitter ដែល​បាន​ហាម​លោក Donald Trump ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ។

«ខ្ញុំ​នឹង​ប្រែ​ក្រឡាស់​បម្រាម​នេះ​ជា​រៀងរហូត» លោក Musk ថ្លែង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់ Financial Times កាលពី​ថ្ងៃទី ១០ ឧសភា។ លោក​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន លោក​មិនទាន់​ក្លាយជា​ម្ចាស់ Twitter ទើប​ប្រការនេះ​មិនទាន់​ប្រាកដថា​នឹង​កើតឡើង​នៅឡើយ។

ការទិញ​ដូរ Twitter ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ របស់​នាយក​ប្រតិបត្តិ​របស់ Tesla កំពុងស្ថិត​ក្នុងការ​រង់ចាំ​ការគាំទ្រ​ពី​ភាគ​ហ៊ុ​និក និង​អាជ្ញាធរ​អាម៉េរិក។ ក៏ប៉ុន្តែ លោក Musk ធ្លាប់​និយាយ​ច្រើនលើក​ហើយ​ថា នឹង​កាត់បន្ថយ​ការត្រួតពិនិត្យ​ខ្លឹមសារ ឬ​ដាក់​ការហាមឃាត់​ប្រើប្រាស់​បណ្ដោះអាសន្ន ជំនួស​ឱ្យ​ការហាមឃាត់​ជា​រៀងរហូត។

អតីត​ប្រធានាធិបតី​អាម៉េរិក លោក Donald Trump

លោក Donald Trump ត្រូវបាន​ដកហូត​សិទ្ធិ​ប្រើប្រាស់ Twitter និង​បណ្ដាញ​សង្គម​មួយចំនួនទៀត បន្ទាប់​ពីសារ និង​សម្ដី​របស់លោក ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ត្រូវបាន​គេ​គិត បាន​ជំរុញឱ្យមាន​ស្ថានការណ៍​ច្របូកច្របល់​នៅ Capitol Hill ដែលជា​តំបន់​មាន​ស្ថាប័នរដ្ឋសំខាន់ៗ កាលពី​ខែមករា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់​ជ័យជម្នះ​របស់លោក Biden បន្ទាប់ពី​ការបោះឆ្នោត។

មុន​នោះ អតីត​ប្រធានាធិបតី​អាម៉េរិក លោក Trump ក៏បាន​ប្រកាសថា នឹងមិន​ត្រលប់មក​ប្រើប្រាស់ Twitter ឡើយ បើទោះជា​ត្រូវបាន​អនុញ្ញាត។ ជំនួស​មកវិញ លោក​នឹង​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន (Truthsocial) ទោះបីជា​នៅពេលនេះ​វា​មិនទាន់​ទាក់ទាញ​អ្នកប្រើប្រាស់​បាន​ច្រើន​ក៏ដោយ៕

Advertisement