អតីត​ប្រធានាធិបតី​របស់ កូរ៉េខាងត្បូង ត្រលប់​ទៅធ្វើ​ចំការ​នៅឯ​ស្រុកកំណើត

លោក Moon Jae-in និងភរិយា

លោក Moon Jae-in និង​ភរិយា បាន​ត្រលប់​ទៅ​ស្រុកកំណើត​នៅឯ Yangsan ដើម្បី​រស់នៅក្នុង​ជីវភាព​ថ្មី​ក្រោយ​ចប់​អាណត្តិ​ប្រធានាធិបតី។

លោក Moon Jae-in អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោកស្រី Kim Jung-sook បាន​ត្រលប់​ទៅដល់​ផ្ទះ​នៅក្នុង​ទីក្រុង Yangsan ភាគ​ខាងកើត​នៃ ប្រទេស​កូរ៉េខាងត្បូង កាលពី​ម្សិលមិញ បន្ទាប់ពី​បាន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​របស់លោក Yoon Suk-yeol។

«នៅពេល​ត្រលប់​ទៅផ្ទះ ខ្ញុំ​មាន​អារម្មណ៍​ថា​ធូរស្បើយ ព្រោះថា ចុងក្រោយ​ក៏បាន​សម្រេច​គ្រប់យ៉ាង​ប្រកបដោយ​សុវត្ថិភាព» លោក Moon Jae-in និយាយ​ដូច្នេះ​នៅពេល​ត្រលប់​ទៅ​ស្រុកកំណើត។

លោក Moon Jae-in ឱ្យដឹងថា នឹង​រស់នៅក្នុង​ជីវភាព​មួយ​ក្នុងនាម​ជា​កសិករ ធ្វើ​ការងារ​កសិកម្ម និង​ក្រេប​រសជាតិ makgeolli ដែលជា​ស្រា​បិត​ពី​អង្ករ​មួយ​ប្រភេទ​របស់ កូរ៉េខាងត្បូង ជាមួយ​កសិករ​នៅក្នុង​តំបន់។

លោក Moon Jae-in និង​ភរិយា បាន​ឡើង​រថភ្លើង​ល្បឿន​លឿន KTX នៅ សេ​អ៊ូ​ល កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​ត្រលប់​ទៅ​ស្រុកកំណើត​ដែលមាន​ចម្ងាយ​ពី​សេ​អ៊ូ​ល ៤២០ គីឡូម៉ែត្រ ជាមួយនឹង​អតីត​ជំនួយការ និង​តំណាងរាស្ត្រ​មួយចំនួន​របស់​បក្ស​ប្រជាធិបតេយ្យ។

អ្នកគាំទ្រ​ប្រហែល ១,០០០ នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ចំ​ណាត​រថភ្លើង​សេ​អ៊ូ​ល ដើម្បី​ជូន​ដំណើរ​អតីត​ប្រធានាធិបតី ក្នុង​នោះគេ​ឃើញ​មាន​អ្នកគាំទ្រ​ខ្លះ​លើក​បដា​ដែល​សរសេរថា «លោក​នៅតែ​ជា​កំពូល​តារា​របស់ខ្ញុំ» ឬ «ខ្ញុំ​គោរព​ស្រលាញ់ Moon Jae-in»។

Advertisement