ឧទ្ធម្ភាគចក្រ​របស់ ចិន ឆ្លង​ផុត​បន្ទាត់​ខណ្ឌ​ចែក​ច្រក​សមុទ្រ​ តៃវ៉ាន់ ជា​លើកដំបូង

ឧទ្ធម្ភាគ​ចក្រ Z-10 របស់ ប្រទេស​ចិន

ឧទ្ធម្ភាគចក្រ​វាយប្រហារ Z-១០ របស់ ចិនដីគោក បាន​ហោះ​ឆ្លង​ផុត​បន្ទាត់​ខណ្ឌ​ចែក​ដែនទឹក​នៅ​ច្រក​សមុទ្រ​របស់ កោះ​តៃវ៉ាន់ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​អំពី​បេសកកម្ម​នេះ​នៅឡើយ។

កងកម្លាំង​ការពារជាតិ​របស់ តៃវ៉ាន់ ឱ្យដឹងថា ឧទ្ធម្ភាគចក្រ Z-១០ របស់ កងទ័ព​ចិន ហោះចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) នៅ​ជុំវិញ កោះ​តៃវ៉ាន់ កាលពី​ម្សិលមិញ។ ឧទ្ធម្ភាគចក្រ​នេះ​ក៏បាន​ហោះ​ឆ្លង​ផុត​បន្ទាត់​ព្រំដែន​ដែល​ត្រូវបាន​គេ​យល់ថា​ជា​បន្ទាត់​ខណ្ឌ​ចែក​នៅលើ ច្រក​សមុទ្រ​តៃវ៉ាន់។

អង្គភាព​ឧទ្ធម្ភាគចក្រ​ប្រមាញ់​នាវាមុជទឹក Ka-២៨ របស់ កងទ័ពជើងទឹក​ចិន ក៏​ធ្វើ​សកម្មភាព​នៅ​តំបន់​ភាគ​និរតី ADIZ របស់ តៃវ៉ាន់ ផងដែរ។ គេ​មិនទាន់​ដឹងថា ឧទ្ធម្ភាគចក្រ Z-១០ មាន​ជាប់ទាក់ទង​នឹង​សកម្មភាព​របស់​អង្គភាព Ka-២៨ ឬ​យ៉ាងណា​នៅឡើយ។

ក្រសួងការពារជាតិរ​បស់ ប្រទេស​ចិន មិនទាន់មាន​ប្រតិកម្ម​ឆ្លើយតប​នៅឡើយ​ចំពោះ​ការលើកឡើង​​ខាងលើ​របស់ តៃវ៉ាន់។

យន្តហោះ​យោធា​ចិន កម្រ​នឹង​ហោះ​ឆ្លងកាត់​បន្ទាត់​កណ្ដាល​នៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់។ អង្គភាព​យន្តហោះ​ចម្បាំង J-១០, J-១១ និង J-១៦ របស់​ចិន កាលពី​ថ្ងៃទី ១៩ កញ្ញា ២០២០ ធ្លាប់បាន​ហោះ​ឆ្លងកាត់​បន្ទាត់​កណ្ដាល​នេះ នៅក្នុង​ថ្ងៃ​ដែល អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Keith Krach មក​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់។ ក៏ប៉ុន្តែ លើក​នេះ​គឺជា​ករណី​ដំបូង​ដែល​ឧទ្ធម្ភាគចក្រ Z-១០ របស់​ចិន មាន​សកម្មភាព​ដូច្នេះ។

ទីក្រុង​ប៉េកាំង បាន​រិះគន់​ច្រើនដង​ដល់​សកម្មភាព​ដូចខាងលើ​របស់ នាវាចម្បាំង​អាម៉េរិក ហើយ​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា «ការបង្ក​ហេតុ និង​បញ្ជូន​សារ​ខុសឆ្គង​ដល់​ក្រុម​ផ្ដាច់ខ្លួន​នៅ តៃវ៉ាន់ ក្នុង​បំណង​បំផ្លាញ​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់»។

ចិនដីគោក ចាត់ទុក កោះ​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់ខ្លួន ដែល​កំពុង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា​នឹង​ប្រើ​កម្លាំងបាយ​រឹបអូស​យកមក​វិញ បើសិនជា​ចាំបាច់៕

Advertisement