តុលាការ​អាម៉េរិក កាត់ទោស​ជនសង្ស័យ​ពីបទ​សម្លាប់​ម្ដាយ​ដើម្បី​ទទួលបាន​មរតក

ជនសង្ស័យ​មាន​អាយុ ២៨ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​ម្ដាយ​ខ្លួនឯង និង​ពន្លិច​ទូក​ដែល​ដឹក​ពួកគេ​នៅក្នុងពេល​ទៅ​ស្ទូចត្រី​កាលពី​ឆ្នាំ ២០១៦ ដើម្បី​ទទួលបាន​មរតក។

ក្រសួងយុត្តិធម៌​អាម៉េរិក ប្រកាសថា Nathan Carman អាយុ ២៨ ឆ្នាំ មកពី Vermont ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១០ ឧសភា។ Nathan ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​ម្ដាយ​ឈ្មោះ Linda Carman នៅក្នុង​ដំណើរ​ទៅ​ស្ទូចត្រី​កម្សាន្ត​នៅក្នុង​រដ្ឋ Rhode Island ភាគ​ឦសាន​នៃ សហរដ្ឋ​អាម៉េរិក កាលពី​ឆ្នាំ ២០១។

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​នៅលើ​ទូក បន្ទាប់ពី​ករណី​ខាងលើ​កើតឡើង​បាន ៨ ថ្ងៃ។ សាកសព​របស់​អ្នកស្រី Carman មកដល់​បច្ចុប្បន្ន​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ រដ្ឋអាជ្ញា​បាន​ចោទថា ជនសង្ស័យ​នេះ​បាន​ពន្លិច​ទូក និង​មាន​ផែន​ការបោក​បន្លំ​ក្រុមហ៊ុន​ធនា​រ៉ាប់រង​ទូក។

ជនសង្ស័យ​បាន​បដិសេធ​ការចោទប្រកាន់​ខាងលើ ប៉ុន្តែ សាក្សី​និយាយថា Nathan បាន​ដោះ​គ្រឿង​មួយចំនួន​របស់​ទូក ហើយ​យក​កាវ​មក​បិទ។

ជនជាប់​ចោលទ Nathan Carman

Nathan ក៏ត្រូវ​បាន​ចោទថា បាន​បាញ់សម្លាប់​ជីតា​របស់ខ្លួន ឈ្មោះ John Chakalos នៅឯ​ផ្ទះ​ក្នុង​តំបន់ Windsor រដ្ឋ Connecticut ផងដែរ។ ឯកសារ​ចោទប្រកាន់​ឱ្យដឹងថា នៅ​ថ្ងៃទី ១១ វិច្ឆិកា ២០១៣ Nathan បាន​ប្រើប្រាស់​ប័ណ្ណបើកបរ ដើម្បី​ទិញ​កាំភ្លើង ហើយ​ប្រើ​អាវុធ​នេះ​បាញ់សម្លាប់ Chakalos កាលពី​ថ្ងៃទី ២០ ធ្នូ ២០១៣ ក្នុងពេល​ជនរងគ្រោះ​កំពុង​ដេក។

ក្រោយមក ជននេះ​ទទួលបាន​ប្រាក់ ៥៥០,០០០ ដុល្លារ ពី​គណនី​ជាច្រើន ហើយ​ក៏បាន​ទៅកាន់ Vermont ក្នុង​ឆ្នាំ ២០១។ ដោយសារតែ​គ្មាន​ការងារ​ធ្វើ មកដល់​ឆ្នាំ ២០១៦ ជនជាប់ចោទ​នេះ​ក៏​អស់ប្រាក់​ចាយ។ ខែកញ្ញា ២០១៦ ជននេះ​បាន​រៀប​គម្រោង​ទៅ​ស្ទូចត្រី​កម្សាន្ត​ជាមួយ​ម្ដាយ។

ពាក្យបណ្ដឹង​ថ្មី បាន​ចោទ Nathan ថា បានសម្លាប់​សាច់ញាតិ ២ នាក់ ដើម្បី​យកប្រាក់​ពី​អចលនទ្រព្យ និង​មូលនិធិ​វិនិយោគ​របស់លោក Chakalos និង​គ្រួសារ។ Nathan នឹងត្រូវ​ចូល​តុលាការ​នៅ Vermont ក្នុង​ថ្ងៃទី ១១ ឧសភា​នេះ។

កូនស្រី ៣ នាក់​របស់លោក Chakalos បាន​ប្ដឹង​ប្រឆាំង Nathan នៅ Now Hampshire ដើម្បី​រារាំង​ជននេះ​មិនឱ្យ​ទទួលបាន​មរតក​ពី​គ្រួសារ Chaklos។ ចៅក្រម​បាន​បដិសេធ​បណ្ដឹង​កាលពី​ឆ្នាំ ២០១៩ ដោយសារតែ Chakalos មិនមែនជា​ពលរដ្ឋរ​បស់ New Hampshire។ បណ្ដាំមរតក​ត្រូវបាន​បញ្ជូន​ទៅកាន់ Connecticut និង​កំពុង​រង់ចាំ​ការដោះស្រាយ៕

Advertisement