ប្រធានាធិបតី​ដំបូង​របស់ អ៊ុយ​ក្រែ​ន បានទទួល​មរណភាព

ប្រធានាធិបតីដំបូងរបស់ អ៊ុយក្រែន លោក Leonid Kravchuk

លោក Leonid Kravchuk ដែលជា​ប្រធានាធិបតី​ដំបូង​របស់ អ៊ុយ​ក្រែ​ន ក្រោយពី​ប្រទេស​នេះ​បាន​ផ្ដាច់​ចេញពី​សហភាពសូវៀត បានទទួល​មរណភាព​ក្នុង​វ័យ ៨៨ ឆ្នាំ។

«នេះ​គឺជា​ដំណឹង​ដ៏​ក្រៀមក្រំ និង​ជាការ​បាត់បង់​ដ៏​ធំធេង» ជំនួយការ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Andriy Yermak បង្ហោះ​សារ​នៅលើ Telegram ប្រកាស​អំពី​ការ​លាចាក​លោក​របស់ អតីត​ប្រធានាធិបតី Leonid Kravchuk កាលពី​ថ្ងៃទី ១០ ឧសភា ២០២២។

Advertisement

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​ហៅ​លោក Kravchuk ថា​ជា​តួអង្គ​ប្រវត្តិសាស្ត្រ និង​លើកសរសើរ​អំពី​តួនាទី​របស់លោក​នៅពេល​ដឹកនាំ​ប្រទេសជាតិ​ឆ្លងកាត់​ដំណាក់កាល​លំបាក ក្រោយពី សូ​វៀត បាន​ដួលរលំ។

លោក Kravchuk ចាប់កំណើត​ក្នុង​ឆ្នាំ ១៩៣៤ ក្នុង​គ្រួសារ​កសិករ​មួយ។ លោក​កាន់តំណែង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចន្លោះ​ឆ្នាំ ១៩៩១ ដល់ ១៩៩៤ និង​បាន​យល់ព្រម​ប្រគល់​អាវុធ​នុយ​ក្លេ​អែរ​របស់ សូ​វៀត ដែល​នៅសល់​លើទឹក​ដី អ៊ុយ​ក្រែ​ន ឱ្យ រុស្ស៊ី ទៅតាម​កិច្ចព្រមព្រៀង​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ពី សហរដ្ឋ​អាម៉េរិក។

សុខភាព​របស់លោក Kravchuk ថ្មីៗបាន​ប្រែ​ជា​អាក្រក់ទៅៗ ហើយ​លោក​ក៏ត្រូវ​ឆ្លងកាត់​ការវះកាត់​បេះដូងម្ដង​រួច​ហើយ​​កាលពី​ឆ្នាំ ២០២១៕

Advertisement