សភា​​ជាន់​​ទាប​​អាម៉េរិក ​បាន​អនុម័ត​​កញ្ចប់​​ថវិកា​​ផ្ដល់​ជំនួយចំនួន​ ៤០ ​ពាន់​​លាន​​ដុល្លារ ​ដល់ ​ប្រទេស​អ៊ុយ​ក្រែ​ន

សារព័ត៌មាន TASS បានឱ្យដឹងថា នៅ​ថ្ងៃទី ១១ ឧសភា​នេះ (ម៉ោង​នៅ កម្ពុជា) សភា​ជាន់​ទាប​អាម៉េរិក បានអនុម័ត​ច្បាប់​បែងចែក​ថវិកា​បន្ថែម ៤០ ពាន់​លាន​ដុល្លារ ឱ្យ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន។

យោងតាម​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​លើ​គេហទំព័រ​របស់ សភា​ជាន់​ទាប សេចក្ដីព្រាងច្បាប់​នេះ​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ អាច​បញ្ជូនបន្ត​ទៅកាន់​សភា​ជាន់ខ្ពស់​ដើម្បី​ធ្វើការ​អនុម័ត​បន្ត។ បើសិន​ឆ្លង​ផុត​សភា​ជាន់ខ្ពស់ សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា និង​អនុវត្ត។

ប៉ុន្មាន​ថ្ងៃ​មកនេះ លោក បៃ​ដិ​ន បាន​ប្រឹងប្រែង​ជំរុញ​ឱ្យ​សភា អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​ថ្មី​នេះ និង​បាន​ព្រមាន​ថា បើ​មិន​ឆ្លង​ផុត​សភា​ទេ នោះ ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹងត្រូវ​ផ្អាក​ជំនួយ​ដល់ ទីក្រុង​កៀវ ព្រោះថា ធនធាន​ដែល​សភា​បាន​បែងចែក​កន្លងមក បាន​អស់​ទៅហើយ។

បើសិន​កញ្ចប់​ជំនួយ​ត្រូវបាន​អនុម័ត​ដូច​ការគ្រោងទុក ការចំណាយ​សរុប​រប​ស់ អាម៉េរិក សម្រាប់​បង្កើន​សមត្ថភាព​ការពារ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ក៏ដូចជា​ការដោះស្រាយ​វិបត្តិ​មនុស្សធម៌ នឹង​កើន​ដល់​ប្រហែល ៥៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

សកម្មភាព​របស់ រដ្ឋាភិបាល និង​សភា​អាម៉េរិក ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​មន្ត្រីជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក បាន​ព្រមាន​ថា ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កំពុង​ត្រៀម​សម្រាប់​សង្គ្រាម​យូរអង្វែង និង​អាច​ឆ្លង​ផុតពី​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន៕

Advertisement