ថ្ងៃទី ៧៧ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៖ ទីក្រុង​កៀវ ប្រកាសថា បាន​វាយ​រុញច្រាន កងទ័ព​រុស្ស៊ី នៅ Kharkov

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និយាយថា កងកម្លាំង​រុស្ស៊ី កំពុង​ត្រូវបាន​វាយ​រុញច្រាន​ចេញពី​ទីក្រុង​ភាគ​ឦសាន Kharkov ក្នុង​គ្រា​ដែល អ៊ុយ​ក្រែ​ន បង្កើន​ការ​វាយបក​នៅក្បែរ​ព្រំដែន​ជាប់​នឹង រុស្ស៊ី។

ការប្រយុទ្ធ​គ្នា​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក្នុង​ថ្ងៃទី ៧៧ នៃ​សង្គ្រាម កំពុង​បន្ត​តានតឹង​នៅ Kharkov ក្នុង​តំបន់​ភាគ​ឦសាន​របស់ អ៊ុយ​ក្រែ​ន ដែល​ស្ថិត​នៅជាប់​នឹង​ព្រំដែន​ជាមួយ​តំបន់ Belgorod របស់ រុស្ស៊ី ចម្ងាយ​ប្រហែល ៣៩ គីឡូម៉ែត្រ។

កងទ័ព​រុស្ស៊ី កំពុង​ត្រូវបាន​វាយ​រុញច្រាន​ចេញពី Kharkov ដែលជា​ទីក្រុង​ធំ​ទី ២ របស់ អ៊ុយ​ក្រែ​ន នេះ​បើតាម​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ប្រកាស​កាលពី​ថ្ងៃទី ១០ ឧសភា។ អភិបាលក្រុង Kharkov លោក Oleg Synegubov ក៏បាន​បញ្ជាក់ថា អ៊ុយ​ក្រែ​ន ដណ្ដើមបាន​ភូមិ​មួយចំនួន​នៅ​ភាគ​ឦសាន​ទីក្រុង Kharkov ហើយ​ថា កងកម្លាំង​រុស្ស៊ី មានឱកាស​តិចតួច​ក្នុងការ​វាយប្រហារ​ទៅលើ​តំបន់​កណ្ដាល​ក្រុង។

ប្រភពព័ត៌មាន​ពី​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ឱ្យដឹងថា ក្រោយពី​បាន​វាយ​សម្រុក​ទៅកាន់​ភាគ​ខាងជើង និង​ភាគ​ខាងកើត Kharkov បច្ចុប្បន្ន កងកម្លាំង​អ៊ុយ​ក្រែ​ន កំពុង​ស្ថិតនៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ ពី​ព្រះ​ដែន រុស្ស៊ី គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១១ ឧសភា។ មុន​នោះ កងកម្លាំង​របស់ រុស្ស៊ី ស្ថិតនៅ​ជាយក្រុង Kharkov ដែលមាន​ចម្ងាយ ៤០ គីឡូម៉ែត្រ ពី​ព្រំដែន។

មកដល់ពេលនេះ សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ចូលដល់​ថ្ងៃទី ៧៧ និង​កំពុង​ឈានទៅរក​ថ្ងៃទី ៧៨ ហើយ។ ក្រុមមន្ត្រី​អាម៉េរិក និង ណា​តូ កំពុង​សម្ដែង​ការព្រួយបារម្ភ​ថា សង្គ្រាម​នេះ​នឹង​បន្ត​ជា​ប្រភព​នៃ​អស្ថិរភាព​ក្នុង​តំបន់ និង​នៅ​ទូទាំង​សកលលោក​ក្នុង​រយៈពេល​ច្រើន​ខែ ឬ​ច្រើន​ឆ្នាំ​ទៀត ខណៈដែល​ពុំទាន់​មាន​សញ្ញា​បង្ហាញថា ភាគី​មួយណា​ជា​អ្នកឈ្នះ និង​មិនទាន់មាន​ដំណោះស្រាយ​សមស្រប។

Advertisement