កូរ៉េខាងជើង រកឃើញ​ករណី​ឆ្លង​ជំងឺ​​កូ​វីដ-១៩ ដំបូងបង្អស់

កូរ៉េខាងជើង ប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង វីរុស​កូ​វីដ-១៩ ដំបូងបង្អស់​របស់​ប្រទេស​នេះ ក្រោយ​រយៈពេល​ជាង ២ ឆ្នាំ ដែល​បាន​បិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA ថ្ងៃនេះ​បានប្រកាសថា ករណី​កូ​វីដ-១៩ ដំបូង​នៅ​ប្រទេស​នេះ ត្រូវបាន​រកឃើញ​នៅ រដ្ឋធានី​ព្យុងយ៉ាង និង​បាន​ហៅ​ករណីនេះ​ថា​ជា «ស្ថានការណ៍​អាសន្ន​ថ្នាក់ជាតិ​ដ៏​ធ្ងន់ធ្ងរ»។ KCNA បន្ថែមថា ករណីនេះ​គឺជា​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ប្រភេទ BA.២ ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​សេចក្ដីលម្អិត​ឡើយ។

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អុន ដែល​ដឹកនាំ​កិច្ចប្រជុំ​របស់​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ​កូរ៉េ បានប្រកាស​បើក​ដំណើរការ​ប្រព័ន្ធគ្រប់គ្រង​ការបិទ​ខ្ទប់ «ក្នុង​កម្រិត​ប្រកាសអាសន្ន​ខ្ពស់បំផុត» និង​បាន​អះអាងថា ប្រទេស​នេះ​នឹង​ឆ្លង​ផុត កូ​វីដ-១៩។

លោក គីម ជុង​អុន បាន​ស្នើឱ្យ​រឹតបន្តឹង​ព្រំដែន និង​អំពាវនាវ​ឱ្យ​ប្រជាជន​សាមគ្គី​គ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់ វីរុស ដោយ​ការបិទ​ខ្ទប់​តំបន់​របស់ខ្លួន។ «គោលដៅ​គឺ​ការលុបបំបាត់​អាសន្នរោគ​ដោយ​ប្រើពេល​ខ្លី​បំផុត» KCNA ដកស្រង់​សម្ដី​របស់លោក គីម ជុង​អុន ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ខាងលើ។

អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ចុងឆ្នាំ​កន្លង បានប្រកាស​ដឹកជញ្ជូន​បរិក្ខា​ពេទ្យសំខាន់ៗសម្រាប់​ទប់ទល់​នឹង កូ​វីដ-១៩ «ក្នុង​បំណង​រក្សា​ទុកជា​របស់​បង្ការ​យុទ្ធសាស្ត្រ» ទៅកាន់ កូរ៉េខាងជើង តាមរយៈ​កំពង់ផែ  Dalian របស់ ប្រទេស​ចិន នេះ​បើ​តាម​ KCNA៕

Advertisement