(វីដេអូ)-យន្តហោះ​របស់ ចិន ជួប​គ្រោះថ្នាក់ និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Tibet Airlines បាន​បរ​ហួស​ផ្លូវ​រត់ និង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​ព្រលានយន្តហោះ Chongqing នា​ព្រឹក​នេះ បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​រងរបួស។

«យន្តហោះ​មួយគ្រឿង​ចេញដំណើរ​ពី Chongqing ទៅកាន់​ទីក្រុង Lhasa របស់ ទី​បេ បាន​ជ្រុល​ធ្លាក់​ពី​ផ្លូវ​រត និង​ឆាបឆេះ​នៅក្នុង ព្រលានយន្តហោះ​អន្តរជាតិ Chongqing Jiangbei» នេះ​បើតាម​ទូរទស្សន៍​ចិន CCTV។

យោងតាម​ប្រកាស​ផ្លូវការ​របស់ Tibet Airlines ក្រុម​ហោះហើរ​ដឹងថា «មាន​អ្វី​មិន​ប្រក្រតី» ក្នុងពេល​ត្រៀម​ហោះ​ឡើង ទើប​សម្រេច​មិន​ធ្វើ​ការ​ហោះ​ហើរ​។ ក្រោយមក យន្តហោះ​នេះ​ក៏បាន​ប្ដូរ​ទិស​​ចេញពី​ផ្លូវ​រត់។

«អ្នកដំណើរ​ទាំង ១១៣ នាក់ និង​បុគ្គលិក​ហោះហើរ ៩ នាក់ ត្រូវបាន​ឈ្លៀស​ចេញពី​យន្តហោះ មនុស្ស​មួយចំនួន​រងរបួស​ស្រាល និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល» ប្រកាស​របស់​ក្រុមហ៊ុន​ខាងលើ ឱ្យដឹង​ដូច្នេះ ប៉ុន្តែ​មិនទាន់​និយាយ​លម្អិត​អំពី​ហេតុការណ៍​នេះ​នៅឡើយ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​ក្រោយពី​ករណី​យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន China Eastern ហោះ​ពី Kunming ទៅកាន់ Guangzhou ធ្លាក់​ដាំ​ក្បាល​ចុះ​លើ​ខ្នងភ្នំ​កាលពី​ខែមីនា ២០២២ បណ្ដាលឱ្យ​មនុស្ស​ទាំង ១៣២ នាក់​នៅលើ​យន្តហោះ បាត់បង់​ជីវិត ដោយ​មិនទាន់​រកឃើញ​មូលហេតុ​ច្បាស់លាស់​នៅឡើយ។

យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Tibet Airlines
Advertisement