ប្រធានាធិបតី​ហ្វាំ​ង​ឡង់ យល់ព្រម​ចូល​ជា​សមាជិក​របស់ ណា​តូ (NATO)

ប្រធានាធិបតីរបស់ ហ្វាំងឡង់ លោក Sauli Niinisto

ប្រធានាធិបតី Niinisto ថ្ងៃនេះ​បាន​យល់ព្រម​ឱ្យ ប្រទេស​ហ្វាំ​ង​ឡង់ ចូល​ជា​សមាជិក​របស់ ណា​តូ (NATO) ដែល​នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ធំ​មួយ​ក្នុង​គោលនយោបាយ​សន្តិសុខរ​បស់​ប្រទេស​នេះ។

«ហ្វាំ​ង​ឡង់ ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​របស់ ណា​តូ ជាបន្ទាន់» ប្រធានាធិបតី Sauli Niinisto និង​នាយករដ្ឋមន្ត្រី Sanna Marin ឱ្យដឹង​នៅថ្ងៃនេះ​ដូច្នេះ។ ក្រោយពី​មានការ​សម្រេចចិត្ត​ខាងលើ រដ្ឋាភិបាល និង​សភា​ហ្វាំ​ង​ឡង់ គ្រោង​នឹង​អនុម័ត​លើ​ការស្នើសុំ​នេះ។

នេះ​គឺជា​សេចក្ដីសម្រេចចិត្ត​ដែល​ត្រូវបាន​គេ​ព្យាករ​មុន​រួចមកហើយ។ ក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ ប្រធានាធិបតី​ហ្វាំ​ង​ឡង់ បាន​និយាយថា «ការចូល​ជា​សមាជិក​របស់ ណា​តូ គឺ​មិន​ប្រឆាំង​នឹងនរ​ណាមួយ​ឡើយ» បើទោះជា រុស្ស៊ី ធ្លាប់បាន​ព្រមាន​ថា ទីក្រុងហែលស៊ិនគី (Helsinki) នឹងត្រូវ «រង​ផលវិបាក» បើសិន​រក​វិធី​ក្លាយជា​សមាជិក​របស់​ស​ម្ព័​ន្ធ​យោធា​នេះ។

ក្រោយពី រុស្ស៊ី លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានសម្រេច​ចិត្ត​ពិនិត្យ​លទ្ធភាព​ចូល​ជា​សមាជិក​របស់ ណា​តូ ដោយ​បោះបង់​គោលនយោបាយ​គ្មាន​សម្ព័ន្ធ​យោធា ដែល​ប្រទេស​ទាំងពីរ​នេះ​បាន​អនុវត្ត​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ។

នៅឯ ប្រទេស​ស៊ុយអែត ថ្ងៃទី ១៥ ឧសភា​ខាងមុខ បក្ស​កាន់អំណាច​គ្រោង​នឹងធ្វើ​ការពិចារណា​ថា តើ​គួរ​បញ្ចប់​និន្នាការ​ប្រឆាំងនឹង​ការសុំ​ចូល​ជា​សមាជិក ណា​តូ ដែល​ត្រូវបាន​រក្សា​រហូតមកដល់​បច្ចុប្បន្ន ឬ​អត់។ ឥរិយាបថ​​នេះ​ត្រូវបាន​វាយតម្លៃថា ប្រាកដ​ណាស់​ថា ស៊ុយអែត នឹងដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់ ណា​តូ។

ចំណែក​អគ្គលេខាធិការ​របស់ ណា​តូ Jens Stoltenberg បានឱ្យដឹងថា សម្ព័ន្ធមិត្ត​យោធា​នេះ​អាច​អនុញ្ញាតឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​បាន​យ៉ាង​ឆាប់រហ័ស។

Advertisement