ផ្ទុះ​គ្រាប់រំសេវ​នៅក្នុង​មូលដ្ឋាន​យោធា​របស់ រុស្ស៊ី បណ្ដាលឱ្យ​ទាហាន​ច្រើន​នាក់​ស្លាប់ និង​រងរបួស

ហេតុការណ៍​ផ្ទុះ​ក្នុង​ឃ្លាំង​រំសេវ​កើតឡើង​ក្នុង​មូលដ្ឋានទ័ព​នៅ Khabarovsk នៃ​តំបន់​ចុង​បូព៌ា​របស់ រុស្ស៊ី បណ្ដាលឱ្យ​ទាហាន​ម្នាក់​ស្លាប់ និង ៧ នាក់​ទៀត រងរបួស។

ក្រសួងសុខាភិបាល​រុស្ស៊ី ថ្ងៃនេះ ឱ្យដឹងថា បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ដើម្បី​ដឹក​ទាហាន ២ នាក់ ដែលរ​លាកខ្លួន​ធ្ងន់ធ្ងរ ពី​មូលដ្ឋានទ័ព​ក្នុង​ទីប្រជុំជន Teysin នៃ​តំបន់ Khabarovsk នៅ​ចុង​បូព៌ា​របស់ ប្រទេស​រុស្ស៊ី។

សារព័ត៌មាន TASS បានឱ្យដឹងថា ក្នុងករណី​ខាងលើ មាន​មនុស្សម្នា​ក់បាន​ស្លាប់ និង ៧ នាក់​ទៀត​រងរបួស។ ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត​ឱ្យដឹងថា ករណី​ផ្ទុះ​នេះ​កើតឡើង​នៅក្នុង​ឃ្លាំង​រំសេវ​របស់​មូលដ្ឋានទ័ព ក្នុងពេល​កំពុង​លើកដាក់​គ្រឿងផ្ទុះ។

មូលហេតុ​ពិតប្រាកដ​នឹងត្រូវ​បាន​រកឃើញ​នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត នេះ​បើតាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍។

តំបន់ Teysin មាន​ចម្ងាយ​ពី​ទីក្រុង Komsomolsk-on-Amur នៅ​តំបន់​ចុង​បូព៌ា ប្រហែល ៨២ គីឡូម៉ែត្រ​ទៅ​ទិសអាគ្នេយ៍។ តំបន់​នេះ​មាន​ចំណត់​រថភ្លើង​មួយ និង​មូលដ្ឋានទ័ព​មួយ​ផងដែរ៕

Advertisement