អ៊ុយ​ក្រែ​ន ខាតបង់ ១០០ ពាន់​លាន​ដុល្លារ បើ​គិតតែ​លើ​ហេដ្ឋារចនាសម្ព័ន្ធ

ប្រធាន​ធនាគារជាតិ​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ពាក់កណ្ដាល​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​នេះ។

«ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​គឺ​ធំធេង​បំផុត» Kyrylo Shevchenko ប្រធាន​ធនាគារជាតិ​អ៊ុយ​ក្រែ​ន (NBU) បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន នា​ថ្ងៃនេះ​ដូច្នេះ។

យោងតាម​ប្រធាន​ធនាគារ​ខាងលើ រាប់​ចាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​លើ អ៊ុយ​ក្រែ​ន ស្ពាន ផ្លូវថ្នល់ ផ្ទះសំបែង ត្រូវ​រង​ការវាយប្រហារ​មិន​ឈប់ឈរ​ពី​គ្រាប់បែក និង​រ៉ុក្កែត បង្ក​ការ​ខូច​ខាត់​ហេដ្ឋារចនាសម្ព័ន្ធ​ស្មើនឹង​ពាក់កណ្ដាល GDP របស់ អ៊ុយ​ក្រែ​ន។ ក្នុង​ឆ្នាំ ២០២១ GDP របស់​ប្រទេស​នេះ មានតម្លៃ​ប្រមាណ ២០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ប្រធាន​របស់ NBU គណនា​ឃើញថា GDP របស់ អ៊ុយ​ក្រែ​ន «អាច​ថយចុះ​យ៉ាងតិច ១/៣ នៅក្នុង​ឆ្នាំ ២០២២» និង​បញ្ជាក់ថា អ៊ុយ​ក្រែ​ន មិនអាច​ស្ដារ​ប្រទេស​ឡើងវិញ​ដោយ​ពឹង​ទៅលើ​តែ​ប្រភព​ទុន​ក្នុងស្រុក។

ចំណែក​រដ្ឋាភិបាល​របស់​លោក ហ្សេឡែនស្គី វិញ បានឱ្យដឹងថា អ៊ុយ​ក្រែ​ន ខាតបង់​ប្រហែល ៥ ពាន់​លាន​ដុល្លារ/ខែ នៅក្នុង​រយៈពេល​ខ្លី។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៧ មេសា ថ្លែងថា ការខូចខាត​សរុប​របស់ អ៊ុយ​ក្រែ​ន ចាប់តាំងពី រុស្ស៊ី បាន​ចូល​ឈ្លានពាន គឺ​ប្រហែល ៦០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

កាលពី​ថ្ងៃទី ១១ ឧសភា នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz ក៏បាន​ព្រមាន​ថា អ៊ុយ​ក្រែ​ន អាច​ត្រូវ​រង​ផលវិបាក​ក្នុង​រយៈពេល ១០០ ឆ្នាំ ដោយសារតែ​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី។

Advertisement