កូរ៉េខាងជើង មាន​អ្នកស្លាប់​​ដោយ​សារ​​កូ​វីដ-១៩! «ករណី​ដំបូង»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអុន ដឹកនាំកិច្ចប្រជាកាលពីថ្ងៃទី ១២ ឧសភា ស្ដីពីការទប់ស្កាត់កូវីដ-១៩

កូរ៉េខាងជើង ឱ្យដឹងថា បាន​រកឃើញ​មនុស្ស​រាប់សែន​នាក់​ដែលមាន​រោគសញ្ញា​ក្ដៅខ្លួន ក្នុងនោះ​មាន ៦ នាក់​បាន​ស្លាប់ ហើយ​ក្នុងចំណោម​នោះដែរ មាន ១ ករណី ស្លាប់​ដោយសារ​ឆ្លង អូ​មី​ក្រុង។

«ករណី​ក្ដៅខ្លួន​ខ្លាំង​ដោយ​មិនដឹង​មូលហេតុ បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស ចាប់ពី​ចុងខែ​មេសា។ ដោយឡែក​ក្នុង​ថ្ងៃទី ១២ ឧសភា មនុស្ស​ប្រហែល ១៨,០០០ នាក់ មាន​អាការ​ក្ដៅខ្លួន​ត្រូវបាន​រកឃើញ​នៅ​ទូទាំងប្រទេស» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ដូច្នេះ។

KCNA ក៏បាន​ឱ្យដឹងថា មនុស្ស ៦ នាក់​បាន​បាត់​បង់ជីវិត ក្នុងនោះ​មាន​ម្នាក់​គឺជា​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង។

បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា អ្នក​ដែល​បាន​​ស្លាប់​ផ្សេងទៀត​គឺជា​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ឬ​យ៉ាងណា​នៅឡើយ។

ព័ត៌មាន​នេះ​ត្រូវបាន​ចុះផ្សាយ​មួយថ្ងៃ​បន្ទាប់ពី កូរ៉េខាងជើង បញ្ជាក់ថា មាន​ករណី​ឆ្លង​កូ​វីដ-១៩ ដំបូង ហើយ​ថា​ ប្រទេស​នេះ​​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​​បំផុត។

Advertisement