ណា​តូ ថា អ៊ុយ​ក្រែ​ន អាច​ឈ្នះ រុស្ស៊ី

អគ្គលេខាធិការនៃអង្គការណាតូ Jens Stoltenberg

អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន កំពុង​កើតឡើង​មិន​ទៅតាម​ការគ្រោងទុក និង​យល់ថា ទីក្រុង​កៀវ នឹងមាន​ប្រៀប​ជាង។

«យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន កើតឡើង​មិន​ដូច​ទៅនឹង​ផែនការ​របស់ ទីក្រុង​មូ​ស្គូ។ ពួកគេ​មិនអាច​គ្រប់គ្រង​ទីក្រុង​កៀវ ពួកគេ​កំពុង​ដកថយ​ចេញពី Kharkov ហើយ​ការ​រុលចូល​នៅ Donbass ត្រូវ​ពន្យារពេល។ រុស្ស៊ី មិនអាច​សម្រេចបាន​គោលដៅ​យុទ្ធសាស្ត្រ​របស់​ពួកគេ» អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធ​យោធា​នេះ កាលពី​ថ្ងៃទី ១៥ ឧសភា។

យោងតាម​លោក Stoltenberg ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​ខាងលើ​គឺ «ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ចំពោះ អ៊ុយ​ក្រែ​ន» ការបង្កើន​លទ្ធភាព​នៃ​ការ​កំញើញ និងការ​​ការពារ​របស់ ណា​តូ ក៏ដូចជា​ផលប៉ះពាល់​យូរ​អ​ង្វែ​រដែ​ល​កើត​ពី​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី ក្នុងនោះ​ក៏មាន​គោលជំហរ​នា​ពេល​អនាគត​របស់​សម្ព័ន្ធ​យោធា​ណាតូ​ ចំពោះ ប្រទេស​រុស្ស៊ី ផងដែរ។

លោក Stoltenberg បន្តថា «អ៊ុយ​ក្រែ​ន អាច​ឈ្នះ។ ជនជាតិ​អ៊ុយ​ក្រែ​ន កំពុងមាន​ភាពក្លាហាន​ក្នុងការ​ការពារ​ស្រុកកំណើត​របស់​ពួកគេ»។ លោក​បន្ថែមថា ប្រភព​ផ្គត់ផ្គង់​អាវុធ និង​ជំនួយ​ពី​បណ្ដា​ប្រទេស កំពុង «ធ្វើឱ្យមាន​ភាពខុសគ្នា​នៅលើ​សមរភូមិ» ដូច្នេះ​សម្ព័ន្ធមិត្ត​គួរ​បន្ត​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន។

ចំណែក​ភាគី​ខាង រុស្ស៊ី វិញ បាន​អះអាងថា កំពុង​សម្រេចបាន​គ្រប់​គោលដៅ​នៅ អ៊ុយ​ក្រែ​ន ហើយ​ថា នឹងមិន​ប្ដូរផ្លាស់​នូវ​ដំណើរ​ការដែល​បានកំណត់។ នៅក្នុង​កម្មវិធី​ទូរទស្សន៍​ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃទី ១៤ ឧសភា ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ សហរដ្ឋ​អាម៉េរិក Anatoly Antonov សង្កត់ធ្ងន់ថា «យើង​នឹងមិន​ចុះចាញ់ ឬ​ដកថយ​ជាដាច់ខាត»។

Advertisement