កងទ័ព​​រុស្ស៊ី ប្រើប្រាស់​គ្រាប់កាំភ្លើង​ត្បាល់​នាំ​ផ្លូវ​ដោយ​ឡាស៊ែរ​ធំ​បំផុត​ក្នុង​ពិភពលោក នៅ អ៊ុយ​ក្រែ​ន

កងកម្លាំង​របស់​ ប្រទេស​​រុស្ស៊ី ទំនងជា​កំពុងតែ​ប្រើប្រាស់​កាំភ្លើងត្បាល់ ២S៤ Tyulpan បាញ់​គ្រាប់កាំភ្លើង​ដែល​មាន​ប្រព័ន្ធ​នាំ​ផ្លូវ Smelchak ដើម្បី​វាយប្រហារ​លើ​រោងចក្រ Azovstal នៅ​ទីក្រុង​ភាគ​ត្បូង Mriupol របស់ អ៊ុយក្រែន។

គណនី 200_zoka នៅលើ​បណ្ដាញ​សង្គម​ Twitter ដែលមាន​ជំនាញ​ខាង​បង្ហោះ​ឯកសារ​ស្ដីពី​កងទ័ព​របស់ រុស្ស៊ី ដែល​កំពុង​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កាលពី​ចុង​សប្ដាហ៍​កន្លង បាន​ចែករំលែក​​រូបភាព​កាំភ្លើងត្បាល់​ចល័ត ២S៤ Tyulpan កំពុងតែ​បាញ់​ផ្លោង​ទៅលើ​គោលដៅ​រោងចក្រ​ផលិត​ដែកថែប Azovstal នៅ​ទីក្រុង​ភាគខាងត្បូង Mariupol។ ក៏ប៉ុន្តែ ពេលវេលា​នៃ​ការបាញ់​ផ្លោង​នេះ​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។

ក្នុង​រូបថត គ្រាប់កាំភ្លើង​ត្បាល់​ទើបតែ​ចាក​ចេញពី​កាណុង ២S៤ ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ទីវាល​មួយកន្លែង។ ក្រុម​អ្នកជំនាញ​យល់ថា គ្រាប់កាំភ្លើង​ក្នុង​រូបភាព​នេះ​គឺជា ១K១១៣ Smelchak ដែល​ត្រូវបាន​នាំ​ផ្លូវ​ដោយ​ពន្លឺ​ឡាស៊ែរ។

ក្រសួងការពារជាតិ​រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ចំពោះ​ការលើកឡើង​ខាងលើ។

២S៤ Tyulpan គឺជា​ប្រព័ន្ធ​កាំភ្លើងត្បាល់​ចល័ត​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា «មហាទេព​នៃ​សង្គ្រាម» មួយ របស់ សូ​វៀត ដែល​ត្រូវ​បានដាក់​ឱ្យប្រើ​ប​ប្រាស់​ក្នុង​ជួរ​កងទ័ព​ក្នុងអំឡុង​ទសវត្សរ៍ ១៩៧០។

Advertisement