ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ កូរ៉េខាងត្បូង បណ្ដាល​ឱ្យ​មនុស្ស​ ៣ នាក់​ស្លាប់ និងរង​របួស​

មនុស្ស​យ៉ាងហោច​ម្នាក់​បាន​ស្លាប់ និង ២ នាក់​ទៀត​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​ធ្លាក់​ឧ​ទ្ធ​ម្ភា​គ​នា​ថ្ងៃទី ១៦ ឧសភា​នេះ នៅ​ទីក្រុង Geoje ភាគខាងត្បូង​នៃ ប្រទេស​កូរ៉េខាងត្បូង។

យោងតាម​សារព័ត៌មាន Yonhap អង្គភាព​ជួយសង្គ្រោះ​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅពេល​ឧទ្ធម្ភាគចក្រ​ខាងលើ​កំពុង​ដឹកជញ្ជូន​សម្ភារ​សំណង់​បម្រើឱ្យ​គម្រោង​ស្ដារ​ផ្លូវលំ​មួយ​ខ្សែ​សម្រាប់​ឡើងទៅ​កាន់​កំពូលភ្នំ។ ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លាក់​នៅក្បែរ​កំពូលភ្នំ Seonja នៃ​ទីក្រុង Geoje។

ជនរងគ្រោះ​ទាំង ៣ នាក់​ខាងលើ​គឺជា​សមាជិក​នៃ​ក្រុម​ហោះហើរ រួមមាន អ្នកបើកបរ ២ នាក់​ដែលមាន​អាយុ​ជាង ៦០ ឆ្នាំ និង​ជាង​ម៉ាស៊ីន​ម្នាក់​អាយុ​ប្រហែល ៣០ ឆ្នាំ។ អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នេះ​គឺជា​ប្រធាន​ក្រុម​អ្នកបើកបរ។

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ញាប់ដៃ​ញាប់ជើង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

Advertisement