កងទ័ព​អ៊ុយ​ក្រែ​ន ចេញ​បញ្ជា​ឱ្យ​ទាហាន​ឈរជើង​នៅ Azovstal «លើក​ទង់​ស​ចុះចាញ់»

ថ្ងៃទី ១៧ ឧសភា នេះ កងទ័ព​អ៊ុយ​ក្រែ​ន បានចេញ​បញ្ជា​ឱ្យ​ទាហាន​ទាំងឡាយ​របស់ខ្លួន​ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នៅឯ​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol លើក​ទង់​ស​ចុះចាញ់ ដើម្បី​ការពារ​អាយុជីវិត។

យោងតាម RT (រុស្ស៊ី) អាជ្ញាធរ​ទីក្រុង​កៀវ ប្រកាសថា អង្គភាព​នានា​បាន «សម្រេច​ភារកិច្ច​ប្រយុទ្ធ​ដែល​បានប្រគល់»។

អគ្គបញ្ជាការដ្ឋាន​កង​ទ័ព​អ៊ុយ​ក្រែ​ន បានបញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​ថា ទាហាន​របស់ខ្លួន​ដែល​កំពុង​លាក់ខ្លួន​ក្នុង​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ទទួលបាន​បញ្ជា​ឱ្យ​ចុះចាញ់។

ក្នុង​សេចក្ដីប្រកាស​មួយ កងទ័ព​អ៊ុយ​ក្រែ​ន លើកឡើងថា «កងកម្លាំង​នៅ Mariupol បានសម្រេច​ភារកិច្ច​ប្រយុទ្ធ​ដែល​ពួកគេ​បានទទួល…អគ្គ​បញ្ជា​រដ្ឋា​ន​កងទ័ព​បានចេញ​បញ្ជា​ឱ្យ​មេបញ្ជាការ​នៃ​អង្គភាព​ទាំងឡាយ​ដែល​ឈរជើង​នៅ Azovstal ត្រូវ​រក្សា​អាយុជីវិត​របស់​សមាជិក»។

ទិដ្ឋភាព​នៃ​រោង​ចក្រ​ Azovstal

RT (រុស្ស៊ី) ឱ្យដឹងថា ការចុះចាញ់​ដំបូង​ត្រូវបាន​ធ្វើឡើង​រួច​រាល់​​កាលពី​ថ្ងៃទី ១៦ ឧសភា នៅពេល​ទាហាន​របស់ អ៊ុយ​ក្រែ​ន ចំនួន ២៦៤ នាក់ បាន​ចាក​ចេញពី Azovstal។ បច្ចុប្បន្ន​មាន​ទាហាន​រងរបួស ៥៣ នាក់ កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​មួ​យ​នៅ Novoazovsk និង ២១១ នាក់​នៅ Yelenovka ដែល​​ទាំង​នេះ​ស្ថិតក្នុង​តំបន់ Donetsk។

យោងតាម​ប្រភពព័ត៌មាន​របស់ រុស្ស៊ី តំបន់​រោងចក្រ Azovstal មាន​មនុស្ស​ចំនួន​ប្រហែល ២,២០០ នាក់ បាន​ជាប់គាំង​នៅក្នុង​បន្ទប់ក្រោមដី​នានា។ ទីតាំង​នេះ​មាន​ទំហំ ១១ គីឡូម៉ែត្រ​ក្រឡា ហើយ​ផ្នែក​ដែល​នៅក្រោម​ដី​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ដោយ​អាវុធ​នុយ​ក្លេ​អែរ។

Advertisement