ប្រធានាធិបតី​រុស្ស៊ី «បើកភ្លើង​ខៀវ» ចំពោះ​​បញ្ហា​ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត​ ចង់​​ចូល​​ជា​​សមាជិក​​របស់​ ណា​តូ

លោក វ្ល៉ាឌីមៀ ពូទីន

រុស្ស៊ី បាន​ព្រមាន​ថា នឹងមាន​ប្រតិកម្ម​ឆ្លើយតប បើសិន ណា​តូ (NATO) ដាក់ពង្រាយ​សព្វាវុធ​លើ​ទឹកដី​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ក្រោយពី​ប្រទេស​ទាំងនេះ​បាន​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធ​យោធា​នេះ​ជា​ផ្លូវការ។

ការផ្ដល់​សញ្ញា​ទទួលយក ក៏ដូចជា​ការព្រមានរ​បស់ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ខាងលើ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ អង្គការ​សន្ធិសញ្ញា​សន្តិ​សុខ​សមូហភាព (CSTO) ដែល​ដឹកនាំ​ដោយ រុស្ស៊ី កាលពី​ថ្ងៃទី ១៦ ឧសភា។ លោក ពូ​ទីន ថា សំណើសុំ​ចូល​ជា​សមាជិក​ណា​តូ របស់ ស៊ុយអែត និង ហ្វាំ​ង​ឡង់ មិន «គំរាមកំហែង​ផ្ទាល់​ដល់ រុស្ស៊ី» ឡើយ។ លោក​អះអាងថា ទីក្រុង​មូ​ស្គូ មិនមាន​បញ្ហា​អ្វី​ជាមួយ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នោះទេ។

មេដឹកនាំ​របស់ រុស្ស៊ី សង្កត់ធ្ងន់ថា «សកម្មភាព​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ណាមួយ​នៅលើ​ទឹកដី​របស់​ប្រទេស​ទាំងពីរ​នេះ ប្រាកដ​ណាស់​ថា នឹង​បញ្ឆេះ​ប្រតិកម្ម​ពី រុស្ស៊ី មិន​ខាន» ហើយ «ប្រតិកម្ម​កម្រិតណា​នោះ វា​អាស្រ័យ​លើ​ស្ថានភាព​នៃ​ការគំរាមកំហែង​ដែល​ពួកគេ​បង្កើតឡើង​ចំពោះ រុស្ស៊ី»។

សម្ដី​របស់ លោក ពូ​ទីន ហាក់​បង្ហាញថា រុស្ស៊ី អាច​រួមរស់​ជាមួយនឹង​ស្ថានភាព​ដែល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ក្លាយជា​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ក្នុង​លក្ខខណ្ឌ​ដែល ណា​តូ មិន​ដាក់ពង្រាយ​សព្វាវុធ​នៅ​ប្រទេស​ទាំងនេះ ហើយ​នេះ​ក៏​ជា​វិធី​ដែល ណា​តូ បានធ្វើ​ចំពោះ​សមាជិក​មួយចំនួន​នៅ​តំបន់ Baltic និង អឺរ៉ុប​ខាងកើត មុនពេល​ផ្ទុះ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

Advertisement