ហ្វាំ​ង​ឡង់ និង ស៊ុយអែត កំណត់​ថ្ងៃ​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​របស់ ណា​តូ

ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto (ឆ្វេង) និង នាយករដ្ឋមន្ត្រី​ស៊ុយអែត Magdalena Andersson នៅ​ ទីក្រុង​ស្តុកខុល កាលពី​ម្សិលមិញ

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នាយករដ្ឋមន្ត្រី​របស់ ហ្វាំ​ង​ឡង់ (Finland) ប្រកាសថា ទីក្រុង ស្តុក​ខុល (Stockholm) និង ហែល​ស៊ីន​គី (Helsinki) នឹងដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ (NATO) ក្នុងថ្ងៃនេះ។

«ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ព្រោះថា យើង​បាន​ដើរ​លើផ្លូវ​ជាមួយគ្នា ហើយ​អាចធ្វើ​រឿងនេះ​ជាមួយគ្នា» នាយករដ្ឋមន្ត្រី​នៃ ប្រទេស​ស៊ុយអែត (Sweden) Magdalena Andersson ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៅ ទីក្រុង​ស្តុក​ខុល កាលពី​ម្សិលមិញ។

ប្រកាស​របស់លោក​ស្រី Andersson ត្រូវ​លើកឡើងភ្លាមៗបន្ទាប់ពី រដ្ឋមន្ត្រីការបរទេស​ស៊ុយអែត Ann Linde បាន​ចុះហត្ថលេខា​លើ​លិខិតស្នើ​សុំចូល​ជា​សមាជិក​អង្គកា​ណា​តូ ជា​ផ្លូវការ។

ប្រធានាធិបតី​ហ្វាំ​ង​ឡង់ Sauli Niinisto អះអាងថា ប្រជាធិបតេយ្យ​បានទទួល​ជ័យជម្នះ ដែល​នេះ​ចង់​សំដៅលើ​សំឡេងឆ្នោត​គាំទ្រ​នៅ​សភា ចំពោះ​សេចក្ដីសម្រេច​សុំចូល​ជា​សមាជិក​ណា​តូ ក៏ដូចជា​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​ហ្វាំ​ង​ឡង់។ ការបោះឆ្នោត​នៅ​សភា​របស់​ប្រទេស​នេះ ទទួលបាន​សំឡេងគាំទ្រ ១៨៨ សំឡេង និង​ប្រឆាំង ៨ សំឡេង។

ថ្វីបើ​មានការ​ផ្ដល់ «ភ្លើង​ខៀវ» ជាច្រើន​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​ណា​តូ ប៉ុន្តែ សំណើ​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត អាច​នឹង​ជួប​ឧបសគ្គ ដោយសារតែ​ការជំទាស់​របស់ តួ​ក​គី (Turkey)។ ទីក្រុង​អង់កា​រ៉ា អះអាងថា មិន​ទទួល​យក​​ការពង្រីក​ខ្លួន​របស់ ណា​តូ ដោយ​ចោទ ទីក្រុង​ស្តុក​ខុល និង ហែល​ស៊ីន​គី​ថា មិន​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ជនជាតិ​ឃឺ​ដ (Kurd) ដែល​ជា​ក្រុម​​ត្រូវ​បាន​ តួ​ក​គី ចាត់ទុកថាជា​ភេរ​វករ៕

Advertisement