អាម៉េរិក ថា យន្តហោះ​របស់​ក្រុម​ហ៊ុនចិន​ China Eastern ដែល​ធ្លា​ក់ដាំ​ក្បាល​ចុះ​លើ​ភ្នំ​កាលពី​ខែមីនា គឺ «មាន​គោលបំណង»

ក្រុម​អ្នកស៊ើប​អង្កេត​អាម៉េរិក ជឿថា អ្នកណាម្នាក់​នៅលើ​យន្តហោះ​របស់ China Eastern មាន​ចេតនា​បញ្ជា​ឱ្យ​យន្តហោះ​ដាំ​ក្បាល​ទៅបុក​នឹង​ភ្នំ នេះ​បើតាម​សារព័ត៌មាន​អាម៉េរិក។

«យន្តហោះ​បានធ្វើ​តាម​អ្វីដែល​អ្នកណាម្នាក់​នៅក្នុង​បន្ទប់​បើកបរ​បញ្ជា» សារព័ត៌មាន Wall Street Journal ដកស្រង់​ប្រភពព័ត៌មាន​ដែល​ដឹង​ហេតុការណ៍​ស្ដីពី​ការវាយតម្លៃ​បឋម​របស់ ក្រុមមន្ត្រី​អាម៉េរិក ចំពោះ​សោកនាដកម្ម​អាកាសចរណ៍​នៅ ប្រទេស​ចិន កាលពី​ខែមីនា ឱ្យដឹង​ដូច្នេះ។

យន្តហោះ Boeing ៧៣៧-៨០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern កំពុង​ហោះហើរ​ពី Kunming ទៅកាន់ Guangzhou កាលពី​ថ្ងៃទី ២១ មីនា ក៏​ស្រាប់តែ​ធ្លាក់​ដាំ​ក្បាល​ចុះ និង​បុក​លើ​ភ្នំ​នៃ​ទីក្រុង Wuzhou បណ្ដាលឱ្យ​អ្នកដំណើរ និង​សមាជិក​ក្រុម​ហោះហើរ​សរុប ១៣២ នាក់ បាត់បង់​ជីវិត។ ប្រអប់​ខ្មៅ​របស់​យន្តហោះ ត្រូវបាន​បញ្ជូន​ទៅកាន់ សហរដ្ឋ​អាម៉េរិក ដើម្បី​វិភាគ។

ក្រុមមន្ត្រី​អាម៉េរិក ដែល​ចូលរួម​ការស៊ើបអង្កេត​ខាងលើ បាន​ផ្ដោតទៅលើ​លទ្ធភាព​អ្នកបើកបរ​យន្តហោះ ឬ​អ្នកណាម្នាក់​នៅលើ​យន្តហោះ បាន​សម្រុក​ចូលក្នុង​បន្ទប់​បើកបរ និង​បង្កឱ្យមាន​គ្រោះថ្នាក់។ ក្រុមមន្ត្រី​ជឿជាក់ថា ការសន្និដ្ឋាន​របស់​ពួកគេ​គឺ​សម​ហេតុផល ព្រោះថា ជាក់ស្ដែង ក្រុមមន្ត្រី​ស៊ើបអង្កេត​ចិន មកដល់​បច្ចុប្បន្ន មិនបាន​រកឃើញ​បញ្ហា​ណាមួយ​កើតឡើង​ចំពោះ​យន្តហោះ ឬ​ប្រព័ន្ធ​បញ្ជា​ជើងហោះហើរ​អាច​បង្ក​គ្រោះថ្នាក់ និង​ត្រូវការ​ដំណោះស្រាយ​នោះទេ។

អាជ្ញាធរ​ចិន មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការចុះផ្សាយ​ព័ត៌មាន​ខាងលើ​នៅឡើយ។

យន្តហោះ Boeing ៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern ដឹក​អ្នកដំណើរ ១៣២ នាក់ និង​បុគ្គលិក ៩ នាក់ បាន​ធ្លាក់​ទៅលើ​ខ្នងភ្នំ​មួយ​នៃ​ទីក្រុង Wuzhou ក្នុង​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៅ Guangxi ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា ២០២២។

Advertisement