អតីត​វរសេនីយ៍​ឯកនៃ​កងទ័ព​រុស្ស៊ី ព្រមាន​អំពី​ស្ថានការណ៍​អាក្រក់​ចំពោះ មូ​ស្គូ ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

អតីត​វរសេនីយ៍ឯក​ម្នាក់​នៃ កងទ័ព​រុស្ស៊ី និយាយថា ស្ថានការណ៍​ខាងមុខ​នឹង​អាក្រក់​ជាង​នេះ សម្រាប់ រុស្ស៊ី នៅពេល​ត្រូវ​បានដាក់​ឱ្យនៅ​ឯកា​ក្នុង​វិស័យ​នយោបាយ ហើយ​បស្ចិម​លោក​បន្ត​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន។

Mikhail Khodarenok អតីត​វរសេនីយ៍ឯក​ម្នាក់ ធ្លាប់​បម្រើការ​នៅក្នុង​បញ្ជាការដ្ឋាន​កងទ័ព​រុស្ស៊ី និង​បច្ចុប្បន្ន​គឺជា​អ្នកវិភាគ​ផ្នែក​យោធា ដែល​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​កម្មវិធី ៦០ នាទី របស់​ទូរទស្សន៍​រុស្ស៊ី RT យល់ថា ស្ថានការណ៍​ចំពោះ រុស្ស៊ី «ច្បាស់​ណាស់​ថា នឹង​ប្រែ​ទៅជា​អាក្រក់​ជាង​នេះ» ក្នុង​គ្រា​ដែល អ៊ុយ​ក្រែ​ន ទទួលបាន​ជំនួយ​យោធា​ពី​លោកខាងលិច។

«កងទ័ព​អ៊ុយ​ក្រែ​ន អាច​បំពាក់អាវុធ​ឱ្យ​ទាហាន ១ លាន​នាក់ នេះ​គឺជា​ការ​ស្វះ​ស្វែងរក​ការការពារ​ទឹកដី​របស់​ពួកគេ​ដែល​ស្ដែងចេញ​យ៉ាងច្បាស់» លោក Khodarenok អះអាង​ដូច្នេះ និង​បន្ថែមថា «បញ្ហា​ធំ​បំផុត​សម្រាប់ រុស្ស៊ី គឺ​ការដាក់​ឱ្យនៅ​ឯកា​ផ្នែក​នយោបាយ​នាបច្ចុប្បន្ន។ ពិភពលោក​ទាំងមូល​កំ​ពុង​ប្រឆាំងនឹង​យើង ហើយ​យើ​ប​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ»។

«ស្ថានការណ៍​មិនអាច​ចាត់ទុកថា​ធម្មតា​ឡើយ នៅពេល​​ដែល​សម្ព័ន្ធ ៤២ ប្រទេស ជំទាស់ រុស្ស៊ី ខណៈដែល​ធនធាន​យោធា នយោបាយ ក៏ដូចជា​កងទ័ព និង​បច្ចេកទេស​របស់​យើង​មាន​ដែន​កំណត់» អ្នកជំនាញ​យល់ឃើញ​ដូច្នេះ។

ចាប់តាំងពី​ខែមេសា រុស្ស៊ី បាន​ឈាន​ចូលដល់​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ដោយ​ប្រមូល​កម្លាំង​សម្រាប់​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស​នេះ។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា រុស្ស៊ី បាន​គ្រប់គ្រង​មួយផ្នែកធំ​នៃ​តំបន់ Donbass ប៉ុន្តែ​មិនអាច​​វាយ​សម្រុក​ទៅមុខ​ក្នុង​ល្បឿន​លឿនបាន​ ហើយ​ថែមទាំង​ធ្លាក់​ក្នុងស្ថានភាព​ទាល់ច្រក​នៅ​លើ​សមរភូមិ​មួយចំនួន​ទៀតផង។

Advertisement