ខាងក្នុង «ថ្នាក់រៀន​លួចលាក់» មួយកន្លែង សម្រាប់​សិស្ស​នារី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

លាក់ខ្លួន​ក្នុង​ទីប្រជុំជន​មួយ​គឺជា​សាលារៀន​មួយ​ក្នុងចំណោម​សាលារៀន​លួចលាក់​ថ្មី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ ការបើក​ដំណើរការ​សាលារៀន ឬ​ថ្នាក់រៀន​នេះ​គឺជា​សកម្មភាព​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មានន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់ តា​លី​បង់ ដែល​ស្ទើរតែ​មិន​ផ្ដល់​តម្លៃ​ឱ្យ​ស្ត្រី។

BBC បានឱ្យដឹងថា នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន សាលារៀន​មធ្យមសិក្សា​បឋមភូមិ​សម្រាប់​សិស្សស្រី​ស្ទើរតែ​ទាំងអស់​ត្រូវបាន​បិទ ទៅតាម​សំណើ​របស់ តា​លី​បង់។ ក៏ប៉ុន្តែ នៅឯ​សាលារៀន​អាថ៌កំបាំង​មួយ​នេះ គ្រូបង្រៀន និង​សិស្ស​នារី​មួយចំនួន បាន​ព្យាយាម​បង្កើត​សាលា​របស់​ពួកគេ​ប្រកបដោយ​អត្ថន័យ។ នៅទីនេះ មាន​សិស្ស​ជាង ១០ នាក់ កំពុង​ចូលរួម​រៀន​មុខវិជ្ជា​គណិត។

Advertisement

គ្រួ​បង្រៀន​តែ​ម្នាក់​គត់​របស់​សាលា​នេះ​រៀបរាប់​ប្រាប់ថា «យើង​ដឹង​ច្បាស់​អំពី​ហានិភ័យ និង​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​បញ្ហា​នេះ ប៉ុន្តែ ការសិក្សា​របស់​សិស្សស្រី​មានតម្លៃ​ជាង​ហានិភ័យណាៗទាំងអស់។ យើង​បាន​ប្រឹងប្រែង​បង្កើត​សាលារៀន​នេះ​យ៉ាង​សម្ងាត់ ប៉ុន្តែ បើសិន​ពួកគេ​ចាប់​ខ្ញុំ វាយដំ​ខ្ញុំ ប្រការ​នោះ​ក៏មាន​តម្លៃ​ដែរ»។

សិស្ស និង​និស្សិត​ជា​នារី​នៅ​ អាហ្វហ្គានីស្ថាន កំពុង​ខក​ចិត្ត​ជា​ខ្លាំង ចំពោះ​ការ​បិទ​សាលារៀន​

ក្រោយពី​ដណ្ដើមបាន​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន តា​លី​បង់ បានចេញ​បញ្ជា​ឱ្យ​បិទទ្វារ​សាលារៀន ដោយសារតែ​កូ​វីដ-១៩។ ២ ខែក្រោយ​មក ពួកគេ​បាន​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ប៉ុន្តែ អនុញ្ញាត​ឱ្យតែ​សិស្ស​ប្រុស និង​សិស្ស​ដែល​រៀន​កម្រិត​បឋមសិក្សា​ប៉ុណ្ណោះ។

សម្រាប់​សិស្សស្រី​ទាំងឡាយ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បច្ចុប្បន្ន ការខកចិត្ត​នៅតែមាន​ចំពោះ​ពួកគេ​គ្រប់ពេល។ នារី​ជា​សិស្ស​មួយរូប​នៅក្នុង​ថ្នាក់រៀន​ខាងលើ​និយាយថា «២ ខែ​មកហើយ សាលា​នៅតែ​មិនទាន់​បើកទ្វារ​វិញទៀត។ បញ្ហា​នេះ​ធ្វើឱ្យ​ខ្ញុំ​ខកចិត្ត​ខ្លាំងណាស់» នាង​និយាយ​បណ្ដើរ យកដៃ​បាំង​មុខ​ទប់ទឹក​ភ្នែក​បណ្ដើរ គួរឱ្យ​អាណិត។

ក្មេងស្រី​ជា​សិស្ស​វ័យ ១៥ ឆ្នាំ ១ រូប ចង់​ផ្ដាំផ្ញើ​ទៅកាន់​សិស្សស្រី​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ថា «ចូរ​ក្លាហាន​ឡើង បើសិន​មិត្ត​ក្លាហាន នោះ​នឹង​មិនមាន​អ្នកណា​អាច​រារាំង​មិត្ត​បានឡើយ»។

ស្ត្រី​នៅ​ អាហ្វហ្គានីស្ថាន ស្ទើរ​តែ​គ្មាន​តម្លៃ​នៅ​ចំពោះ​មុខ​ តាលីបង់

នៅពេល​បាន​ឡើងកាន់​អំណាច​កាលពី​ខែសីហា ២០២១ ក្រុម​ប្រដាប់អាវុធ​​ប្រកាន់​តឹង​ តា​លី​បង់ បាន​សន្យាថា នឹងមាន​គោលនយោបាយ​ទន់ភ្លន់​ជាង ធៀប​នឹង​ដំណាក់​ពី​ឆ្នាំ ១៩៩៦ ដល់ ២០០១។ ក៏ប៉ុន្តែ ជាក់ស្ដែង ពេលនេះ​នៅតែមាន​បញ្ហា​ជាច្រើន​មិនទាន់បាន​ដោះស្រាយ ពិសេស​គឺ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​កុមារី និង​ស្ត្រី៕

Advertisement