រុស្ស៊ី ប្រកាសថា ទាហាន​អ៊ុយ​ក្រែ​ន ជិត ១,០០០ នាក់ បាន​ទម្លាក់អាវុធ​ចុះចាញ់

ក្រសួងការពារជាតិ​រុស្ស៊ី ឱ្យដឹងថា ទាហាន​អ៊ុយ​ក្រែ​ន ៩៥៩ នាក់ នៅក្នុង​រោងចក្រ​ដែកថែប Azovstal បានដាក់​អាវុធ​ចុះចាញ់ បន្ទាប់ពី អ៊ុយ​ក្រែ​ន ប្រកាស​បញ្ចប់​ភារកិច្ច​ប្រយុទ្ធ​នៅ Mariupol។

«ក្នុង ២៤ ម៉ោង​កន្លង ទាហាន ៦៩៤ នាក់ បាន​ចុះចាញ់ ក្នុងនោះ​មាន ២៩ នាក់​រងរបួស។ ជា​សរុប ចាប់ពី​ថ្ងៃទី ១៦ ខែ​ឧសភា មាន​ទាហាន ៩៥៩ នាក់ បាន​ទម្លាក់អាវុធ ក្នុងនោះ​មាន ៨០ នាក់​រងរបួស និង ៥១ នាក់​បាន​ចូល​ពេទ្យ» ក្រសួងការពារជាតិ​រុស្ស៊ី ថ្ងៃនេះ​បានឱ្យដឹង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ស្ដីពី​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

ក្រៅពីនេះ ក្រសួង​ខាងលើ​ក៏បាន​បញ្ជាក់ថា ពួកគេ​បានសម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន ២៧០ នាក់, កម្ទេច​ឧបករណ៍​យោធា​ចំនួន ៥៤ គ្រឿង, បាញ់​ទម្លាក់​យន្តហោះ ២ គ្រឿង និង​យន្តហោះ​គ្មាន​មនុស្ស​បើក ១៥ គ្រឿង កាលពី​យប់មិញ។

កាល​ពី​​ថ្ងៃទី ១៧ ឧសភា កងទ័ព​អ៊ុយ​ក្រែ​ន បានចេញ​បញ្ជា​ឱ្យ​ទាហាន​ទាំងឡាយ​របស់ខ្លួន​ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នៅឯ​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol លើក​ទង់​ស​ចុះចាញ់ ដើម្បី​ការពារ​អាយុជីវិត។

ក្នុង​សេចក្ដីប្រកាស​មួយ កងទ័ព​អ៊ុយ​ក្រែ​ន លើកឡើងថា «កងកម្លាំង​នៅ Mariupol បានសម្រេច​ភារកិច្ច​ប្រយុទ្ធ​ដែល​ពួកគេ​បានទទួល…អគ្គ​បញ្ជា​រដ្ឋា​ន​កងទ័ព​បានចេញ​បញ្ជា​ឱ្យ​មេបញ្ជាការ​នៃ​អង្គភាព​ទាំងឡាយ​ដែល​ឈរជើង​នៅ Azovstal ត្រូវ​រក្សា​អាយុជីវិត​របស់​សមាជិក»៕

Advertisement