អាម៉េរិក នឹង​​ផ្ដល់​​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​បំបែក​កម្លាំង​បិទ​ខ្ទប់​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ?

មីស៊ីល Harpoon Block II

ទីក្រុង​វ៉ា​ស៊ី​ង​តោន ត្រូវបាន​គេ​ជឿថា កំពុង​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​វិធី​ដើម្បី​ផ្គត់ផ្គង់​មី​ស៊ី​ល​ដែលមាន​កម្លាំង​ខ្លាំង​ជាង ទៅឱ្យ ទីក្រុង​កៀវ បំណង​ជួយ​បំបែក​ការបិទ​ខ្ទប់​បណ្ដា​កំពង់ផែ​នៅ​ឆ្នេរ សមុទ្រ​ខ្មៅ (Black Sea)។

ទូរទស្សន៍ RT (រុស្ស៊ី) ដកស្រង់​ប្រភពព័ត៌មាន Reuters ឱ្យដឹងថា អាជ្ញាធរ​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន ត្រូវបាន​គេ​ជឿថា កំពុង​រៀបចំ​ការដឹក​ជញ្ជូន​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​នានា​ដែល​ទំនើប​ជាង​មី​ស៊ី​ល​ដែល​បាន​ប្រើប្រាស់​កន្លងមក ទៅកាន់ អ៊ុយ​ក្រែ​ន ដើម្បី​ជួយ ទីក្រុង​កៀវ បំបែក​ការបិទ​ខ្ទប់​របស់ កងទ័ព​រុស្ស៊ី ចំពោះ​បណ្ដា​កំពង់ផែ​នៅ សមុទ្រ​ខ្មៅ។

ប្រភេទ​មី​ស៊ី​ល​ដែល​ស្ថិតក្នុង​បញ្ជី​ខាងលើ​រួមមាន Harpoon ផលិត​ដោយ Boeing និង Naval Strike ផលិត​ដោយ Kongsberg និង Raytheon Technologies នេះ​បើតាម Reuters ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រី និង​សមាជិកសភា​អាម៉េរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ ការពិភាក្សា​កំពុង​កើតឡើង​យ៉ាង​ផុសផុល​ស្ដីពី​ការប្រគល់​មី​ស៊ី​ល​ឱ្យ ទីក្រុង​កៀវ ដោយផ្ទាល់ ឬ​តាមរយៈ​សម្ព័ន្ធមិត្ត​ណាមួយ​នៅ អឺរ៉ុប។

ការ​បំបែក​កម្លាំង​បិទ​ខ្ទប់​របស់ រុស្ស៊ី នៅ Odessa និង​បណ្ដា​កំពង់ផែ​មួយចំនួន​ផ្សេងទៀត​នៅ សមុទ្រ​ខ្មៅ អាច​អនុញ្ញាតឱ្យ អ៊ុយ​ក្រែ​ន អាច​នាំចេញ​ស្រូវ​សាលី និង​ទំនិញផ្សេងៗរបស់​ប្រទេស​នេះ ទៅកាន់​បរទេស។

ក៏ប៉ុន្តែ ភាគី​ខាង រុស្ស៊ី ព្រមាន​ថា ការដឹកជញ្ជូន​អាវុធ​របស់លោក​ខាងលិច​ទៅឱ្យ អ៊ុយ​ក្រែ​ន គឺជា «ការចាក់​ប្រេង​លើ​ភ្លើង» ហើយ​អាច​បញ្ឆេះ​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ​ជាង​បច្ចុប្បន្ន៕

Advertisement