ចំណាយ​​សរុប​លើ​ខ្ទង់​ការពារជាតិ​រុស្ស៊ី កើន​ឡើងដល់​រាប់រយ​លាន​ដុល្លារ/ថ្ងៃ ក្នុងអំឡុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

កងទ័ព​រុស្ស៊ី នៅ Mariupol នៃ ប្រទេស​អ៊ុយក្រែន កាលពី​ខែ​មេសា ២០២២

ការចំណាយ​របស់ រុស្ស៊ី ទៅលើ​ខ្ទង់​ការពារជាតិ បាន​ឡើងដល់ ៣០០ លាន​ដុល្លារ​អាម៉េរិក ជា​រៀងរាល់ថ្ងៃ ក្នុង​គ្រា​ប្រទេស​នេះ​ធ្វើ​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន។

ទីភ្នាក់ងារសារព័ត៌មាន Moscow Times កាលពី​ថ្ងៃទី ១៩ ឧសភា ដកស្រង់​ឯកសារ​របស់ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី ឱ្យដឹងថា ប្រទេស​នេះ​បាន​ចំណាយ​អស់​ជាង ៣០០ លាន​ដុល្លារ/ថ្ងៃ សម្រាប់​វិស័យ​ការពារជាតិ​នៅក្នុង​ខែមេសា ២០២២ កើនឡើង​ទ្វេដង​ធៀប​នឹង​ដំណាក់កាល​មុន​សង្គ្រាម។

Advertisement

ថ្វីបើ​មានការ​ចំណាយ​ខ្ពស់ជាង​មុន​ទ្វេដង​លើ​វិស័យ​ការពារជាតិ ប៉ុន្តែ រុស្ស៊ី មិន​ដណ្ដើមបាន​ជ័យជម្នះ​ឆាប់រហ័ស​ឡើយ ហើយ​បាន​ឈានដល់​ដំណាក់កាល​ទី​ពីរ គឺ​ការ​ផ្ដោតទៅលើ​ការគ្រប់គ្រង​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

ចំណាយ​សម្រាប់​វិស័យ​ការពារជាតិ​របស់ រុស្ស៊ី ក្នុង​ខែកុម្ភៈ គឺ​ប្រមាណ ៥.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក, ខែមីនា ប្រមាណ ៦.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​ខែមេសា​គឺជា​ខែ​ដែល រុស្ស៊ី ចាយប្រាក់​ច្រើនជាងគេ គឺ​ប្រមាណ ៩.២ ពាន់​លាន​ដុល្លារ ដែល​តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង ៣០៨ លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។

នៅមុន​សង្គ្រាម ពោលគឺ​នៅក្នុង​ខែមករា ២០២២ រុស្ស៊ី បាន​ចំណាយ​អស់​ប្រមាណ ៣.៤ ពាន់​លាន​ដុល្លារ។ កាលពី​ខែមេសា ២០២១ ការចំណាយ​សរុប​ក្នុង​វិស័យ​ការពារជាតិ​របស់ រុស្ស៊ី គឺ​ត្រឹមតែ​ជាង ៤.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ប៉ុណ្ណោះ។

គិត​ចាប់ពី​ខែមករា ដល់​ចុងខែ​មេសា ឆ្នាំ ២០២២ កញ្ចប់​ថវិកា​ប្រមាណ ២៤.៦ ពាន់​លាន​ដុល្លារ ត្រូវបាន​បែងចែក​ទៅលើ​ការចំណាយ​សម្រាប់​យោធា​របស់ រុស្ស៊ី។ តួលេខ​នេះ​ខ្ពស់ជាង ៣ ដង​ធៀប​នឹង​ថវិកា​សម្រាប់​វិស័យ​អប់រំ, ខ្ពស់ជាង​ទ្វេដង​ធៀប​នឹង​ថវិកា​សម្រាប់​សុខាភិបាល និង​ខ្ពស់ជាង ១០ ដង ធៀប​នឹង​ការចំណាយ​លើ​វិស័យ​បរិស្ថាន៕

Advertisement