(វីដេអូ)-ប្រទេស​ចិន បង្ហាញ​កប៉ាល់​មេ​គ្មាន​មនុស្ស​បើកបរ​ដំបូង

កប៉ាល់ Zhu Hai Yun

កប៉ាល់ Zhu Hai Yun អាច​នាំយក​យានយន្ត និង​ឧបករណ៍​ស្រាវជ្រាវ​ជាច្រើន​ដើម្បី​ប្រមូល​ទិន្នន័យ​ក្នុង​បេសកកម្ម​រយៈពេល​យូរ​នៅលើ​សមុទ្រ។

កាលពី​ថ្ងៃទី ១៨ ឧសភា ប្រទេស​ចិន បានបង្ហាញ​កប៉ាល់​មេ​ស្រាវជ្រាវ​គ្មាន​មនុស្ស​បើកបរ​ដំបូង នៅ​ទីក្រុង Guangzhou ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​នេះ។ កប៉ាល់​ដែលមាន​ឈ្មោះថា Zhu Hai Yun នេះ ត្រូវបាន​ផលិតឡើង​ដើម្បី​ស្រាវជ្រាវ​សមុទ្រ។

Zhu Hai Yun អាច​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ ឬ​ដំណើរការ​ស្វ័យប្រវត្ត​នៅក្នុង​តំបន់​លម្ហ​សមុទ្រ។ ដំបូល​កប៉ាល់​មាន​ទំហំ​ធំ​ទូលាយ​អាច​ផ្ទុក​យានយន្ត និង​ឧបករណ៍​ស្រាវជ្រាវ​គ្មាន​មនុស្ស​បើកបរ​ជាច្រើន​ប្រភេទ​ដូចជា យន្តហោះ​ដ្រោ​ន ទូក​ស្វ័យប្រវត្ត និង​នាវាមុជទឹក​សមុទ្រ​ជ្រៅ​ជាដើម។

ដោយសារ​ត្រូវបាន​បំពាក់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត និង​បញ្ញា​សិប្បនិម្មិត កប៉ាល់​មេនេះ​អាច​ដំណើរការ​រយៈពេល​យូរ​នៅលើ​សមុទ្រ​ដើម្បី​ប្រមូល​ទិន្នន័យ។

ប្រព័ន្ធ​ថាមពល ប្រព័ន្ធ​រុញច្រាន ប្រព័ន្ធ​ឆ្លាត​វៃ និង​ប្រព័ន្ធ​ជំនួយ​សកម្មភាព​ស្រាវជ្រាវ​របស់​កប៉ាល់​នេះ សុទ្ធតែ​ត្រូវបាន​អភិវឌ្ឍ​នៅ ប្រទេស​ចិន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្នូល​ដែល​អាច​កែសម្រួល​បាន។

កប៉ាល់ Zhu Hai Yun គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ចាប់ពី​ចុងឆ្នាំ​នេះ បន្ទាប់ពី​បានបញ្ចប់​ដំណាក់កាល​សាកល្បង៕

Advertisement