អាម៉េរិក អនុម័ត​កញ្ចប់​ថវិកា​ជំនួយ ៤០ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

លោក​ ចូ បៃដិន

សភា​ជាន់ខ្ពស់​​សហរដ្ឋអាម៉េរិក កាលពី​ថ្ងៃទី ១៩ ឧសភា បានអនុម័ត​សេចក្ដីព្រាងច្បាប់​ជំនួយ​បន្ទាន់​ផ្នែក​យោធា សេដ្ឋកិច្ច និង​មនុស្សធម៌​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​ជួយ​ដល់ អ៊ុយ​ក្រែ​ន។

កញ្ចប់​ជំនួយ​ដែលមាន​តម្លៃ​រហូត​ដល់ ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង​តួលេខ ៣៣ ពាន់​លាន​ដុល្លារ​ដែល​បានស្នើ​ដោយ ប្រធានាធិបតី ចូ បៃ​ដិ​ន ត្រូវបាន​អនុម័ត​ដោយមាន ៨៦ សំឡេងគាំទ្រ និង ១១ សំឡេង​ជំទាស់។

Advertisement

សមាជិកសភា​ទាំង​អស់នៃ​បក្ស​ប្រជាធិបតេយ្យ​បាន​គាំទ្រ​ដល់​សេចក្ដីព្រាងច្បាប់​នេះ ខណៈដែល​សមាជិក​ចំនួន ១១ រូប​របស់​បក្ស​សាធារណរដ្ឋ បាន​បោះឆ្នោត​ប្រឆាំង។

កញ្ចប់​ថវិកា​នេះ​គ្រោង​នឹងត្រូវ​បានផ្ដល់​ជា​ជំនួយ​ឱ្យ អ៊ុយ​ក្រែ​ន ក្នុង​រង្វង់ ៥ ខែ​ខាងមុខ ក្នុងនោះ​ក៏មាន ៦ ពាន់​លាន​ដុល្លារ​សម្រាប់​សន្តិសុខ, ៨.៧ ពាន់​លាន​ដុល្លារ​សម្រាប់​បន្ថែម​សព្វាវុធ​ទៅក្នុង​ឃ្លាំង​អាវុធ​របស់ អាម៉េរិក ទុក​​ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន និង ៣.៩ ពាន់​លាន​ដុល្លារ សម្រាប់​សកម្មភាព​រប​ស់​បញ្ជាការដ្ឋានយោធា​អាម៉េរិក នៅ ​អឺរ៉ុប (EUCOM)។

កញ្ចប់​ជំនួយ​ខាងលើ​ក៏​នឹង​ផ្ដល់​ជិត ៩ ពាន់​លាន​ដុល្លារ​សម្រាប់​មូលនិធិ​ជួយ​ដល់​សេដ្ឋកិច្ច​របស់ អ៊ុយ​ក្រែ​ន, ប្រហែល ៩០០ លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន និង ៥ ពាន់​លាន​ដុល្លារ​សម្រាប់​ដោះស្រាយ​ស្ថានការណ៍​វិបត្តិ​ស្បៀង​សកល​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

ក្រៅពីនេះ កញ្ចប់​ថវិកា ៤០ ពាន់​លាន​ដុល្លារ​នេះ​ក៏​ផ្ដល់​សិទ្ធិ​បន្ថែម ១១ ពាន់​លាន​ដុល្លារ​សម្រាប់​សេចក្ដីព្រាងច្បាប់​ផ្ដល់​សិទ្ធិ​ការពារជាតិ (NDAA) ដែល​អនុញ្ញាតឱ្យ ប្រធានាធិបតី ចូ បៃ​ដិ​ន ធ្វើការ​ជញ្ជូន​ទំនិញ និង​សេវាកម្ម​ពី​ឃ្លាំងទំនិញ​របស់ សហរដ្ឋ​អាម៉េរិក ដោយ​មិនចាំបាច់​មានការ​យល់ព្រម​ពីស​ភា ដើម្បី​ទប់ទល់​នឹង​ករណី​បន្ទាន់ផងដែរ​។

«ខ្ញុំ​ស្វាគមន៍​សភា​ដែល​បាន​បញ្ជូន​សារ​យ៉ាងច្បាស់​ពី​បក្ស​ទាំងពីរ ទៅកាន់​ពិភពលោក​ថា ប្រជាពលរដ្ឋ​អាម៉េរិក នឹង​ប្រកៀក​ស្មា​គ្នា​ជាមួយនឹង ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ក្នុងការ​ការពារ​ប្រជាធិបតេយ្យ និង​សេរីភាព» ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ថ្លែង​ដូច្នេះបន្ទាប់​ពី​សភា​ជាន់​ខ្ពស់​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ខាងលើ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ផ្ញើ​សារ​អរគុណ​ដល់​ប្រធានាធិបតី បៃ​ដិ​ន និង​អះអាងថា ៤០ ពាន់​លាន​ដុល្លារ គឺជា​ការរួមចំណែក​មួ​យ​ភាគ​ធំ​ដើម្បី​ស្ដារ​សន្តិភាព និង​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន អឺរ៉ុប និង​ពិភពលោក។

នៅពេលដែល​​ត្រូវបាន​លោក ចូ បៃ​ដិ​ន ចុះហត្ថលេខា កញ្ចប់​ថវិកា​នេះ​នឹង​បង្កើន​ជំនួយ​របស់ អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន ឡើងដល់​ជាង ៥០ ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ លោក បៃ​ដិ​ន គ្រោង​នឹង​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​នេះ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់ កូរ៉េខាងត្បូង នា​ថ្ងៃនេះ៕

Advertisement