រុស្ស៊ី ថា មី​ស៊ី​ល Sarmat អាច​កម្ទេច​ទឹកដី​មួយផ្នែកធំ​នៃ​ទ្វីប​របស់​សត្រូវ

មីស៊ីលផ្លោងអន្តរទ្វីប (ICBM) Sarmat របស់ រុស្ស៊ី

មន្ត្រី​រុស្ស៊ី យល់ថា កំពូល​មី​ស៊ី​ល Sarmat មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់ អាច​កម្ទេច​តំបន់​ដែលមាន​ទំហំ​ធំ​នៃ​បណ្ដា​ប្រទេស​ជាស​ត្រូវ​របស់ ទីក្រុង​មូ​ស្គូ។

«មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប (ICBM) Sarmat មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​កម្ទេច​ទឹកដី​ពាក់កណ្ដាល​នៃ​ឆ្នេរសមុទ្រ​របស់​ទ្វីប​ដែលជា​សត្រូវ​របស់​យើងខ្ញុំ» អគ្គនាយក​ក្រុមហ៊ុន​អវកាស​ចរណ៍​ជាតិ​រុស្ស៊ី (Roscosmos) លោក Dmitry Rogozin កាលពី​ម្សិលមិញ​បាន​និយាយ​ដូច្នេះ។ ក៏ប៉ុន្តែ លោក​មិនបាន​និយាយ​ច្បាស់​ថា «ទ្វីប​ជាស​ត្រូវ» នេះ​ស្ថិត​នៅទីណា​នោះឡើយ។

ការ​ថ្លែង​របស់លោក Rogozin ត្រូវបាន​ធ្វើឡើង​មួយខែ​បន្ទាប់ពី រុស្ស៊ី បាន​បាញ់​សាកល្បង​ជា​លើកដំបូង​នូវ​កំណែ​ពេញលេញ​នៃ​មី​ស៊ី​ល​អន្តរទ្វីប Sarmat ពី​ព្រលាន​អវកាស Plesetsk នៅ​ភាគ​ខាងជើង​ប្រទេស។ កាលណោះ ប្រធានាធិបតី ពូ​ទីន ក៏បាន​អះអាងថា មី​ស៊ី​ល Sarmat អាច​បាញ់​ចាំ​គ្រប់​គោលដៅ​ទាំងអស់​នៅលើ​ផែនដី។

កាលពី​ខែ​កន្លង មន្ត្រី​រុស្ស៊ី បានឱ្យដឹងថា គ្រាប់​មី​ស៊ី​ល Sarmat ដំបូងៗគ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ក្នុង​អង្គភាព​មួយ​នៅ​ខេត្ត Krasnoyarsk ដែលមាន​ចម្ងាយ​ពី មូ​ស្គូ ប្រហែល ៣,០០០ គីឡូម៉ែត្រ ទៅ​ទិស​ខាងត្បូង ចាប់ពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំនេះ។

Advertisement