ណា​សា (NASA) ព្រមាន​ថា ភ្នំភ្លើង «ត្រី​ឆ្លាម» ជិត​ផ្ទុះ​ហើយ!

ភ្នំភ្លើង​ក្រោម​ទឹកសមុទ្រ​នៅ​ប្រជុំ​កោះ Solomon ដែលមាន​រហ័ស​នាម​ថា «ភ្នំភ្លើង​ត្រី​ឆ្លាម» (ដោយសារ​តែមាន​ត្រី​ឆ្លាត ២ ប្រភេទ រស់​នៅលើ​តំបន់​មាត់​ភ្នំភ្លើង​ក្រោម​ទឹក​នេះ) ជិត​ផ្ទុះ​នៅឯ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

រូបភាព​ពី​ផ្កាយរណប​កាលពី​ថ្ងៃទី ១៤ ឧសភា បាន​បង្ហាញថា មាន​ផ្សែង​មួយ​ដុំ​យ៉ាង​ធំ​ដែល​បានធ្វើឱ្យ​ទឹកសមុទ្រ​ឡើង​ល្អក់ បាញ់​ចេញពី​ភ្នំភ្លើង Kavachi មាន​ចម្ងាយ​ពី​កោះ Vangunu ប្រហែល ២៤ គីឡូម៉ែត្រ ទៅ​ទិស​ខាងត្បូង។ យោងតាម​កម្មវិធីសិក្សា​អំពី​ភ្នំភ្លើង Smithsonian ភ្នំភ្លើង​នេះ​ឈាន​ចូលដល់​ដំណាក់កាល​ត្រៀម​ផ្ទុះ​តាំងពី​ខែតុលា ២០២១។ ទិន្នន័យ​ពី​ផ្កាយរណប​នាពេលថ្មីៗនេះ បាន​បង្ហើប​ឱ្យឃើញ​អំពី​សកម្មភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​ខែមេសា និង​ឧសភា ២០២២។

ណា​សា បានឱ្យដឹងថា ការស្រាវជ្រាវ​កន្លងមក​បញ្ជាក់ថា ដុំ​ពពក​ផ្សែង​ភ្នំភ្លើង​ក្រោម​ទឹក មាន​ផ្ទុក​អាស៊ីត​ក្ដៅ ធូលី​ទន់ បំណែក​ថ្មភ្នំ​ភ្លើង និង​ស្ពាន់ធ័រ​ក្នុង​បរិមាណ​យ៉ាងច្រើន។

Kavachi (ឬ Rejo te Kvachi) គឺជា​ភ្នំភ្លើង​មួយ​ក្នុងចំណោម​ភ្នំភ្លើង​ក្រោម​ទឹក​ដែល​ធ្វើ​សកម្មភាព​ខ្លាំងក្លា​បំផុត​នៅ មហាសមុទ្រ​ប៉ាស៊ីហ្វិក។ របាយការណ៍​ដំបូង​ស្ដីពី​ភ្នំភ្លើង​នេះ​គឺ​នៅ​ឆ្នាំ ១៩៣។ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ មាន​ករណី​ផ្ទុះ​យ៉ាងតិច ១១ លើកធំៗ ក្នុងនោះ​ក៏មាន​ករណី​នៅ​ឆ្នាំ ១៩៧៦ និង ១៩៩១ ដែល​ខ្លាំងក្លា​រហូតដល់​បង្កើត​បានជា​កោះ​ទៀតផង។ ប៉ុន្តែ កោះ​នេះ​មិនអាច​ស្ថិតនៅ​បានយូរ​ឡើយ ដោយសារតែ​រលក​ទឹកសមុទ្រ។

កំពូលភ្នំ​ភ្លើង Kavachi បច្ចុប្បន្ន​ត្រូវបាន​គេ​គណនា​ឃើញថា ស្ថិតនៅ​ជម្រៅ ២០ ម៉ែត្រ ក្រោម​ទឹកសមុទ្រ។ ជើងភ្នំ​ភ្លើង​នេះ ស្ថិត​នៅឯ​បាតសមុទ្រ ជម្រៅ ១.២ គីឡូម៉ែត្រ។ ករណី​ផ្ទុះ​ជា​ញឹកញាប់​នៅក្រោម​ទឹក ពេលខ្លះ​ ​បាន​ជះកម្អែ​​ឡើង​ផុត​​ពី​ទឹក បង្កើតបានជា​ពពក​ផ្សែង ផេះ និង​បំណែក​ថ្មភ្នំ​ភ្លើងជា​ច្រើនហោះ​ចេញ​ពី​ផ្ទៃ​សមុទ្រ​៕

Advertisement