កន្លែងកើតហេតុ​នៃ​ករណី​បាញ់រះ​ដ៏​រន្ធត់ សម្លាប់​មនុស្ស​​រាប់​សិប​នាក់​​នៅ សហរដ្ឋ​អាម៉េរិក

(កន្លែងកើតហេតុ​នៃ​ករណី​បាញ់រះ​នៅ​សាលាបឋមសិក្សា Robb ក្នុង​ទីក្រុង Uvalde រដ្ឋ Texas មើល​ពី​ទី​ខ្ពស់)

(សហរដ្ឋ​អាម៉េរិក)-មនុស្ស ២១ នាក់​បាន​ស្លាប់ នៅក្នុង​ករណី​បាញ់រះ​មួយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា «សោកនាដកម្ម​ដ៏​រន្ធត់» នៅឯ​សាលាបឋមសិក្សា​មួយ​ក្នុង​រដ្ឋ Texas។

ជនសង្ស័យ​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​មាន​ឈ្មោះថា Salvador Ramos ជា​ពលរដ្ឋ​អាម៉េរិក អាយុ ១៨ ឆ្នាំ។ ជននេះ​ត្រូវបាន​គេ​ជឿថា បាន​បាញ់សម្លាប់​ជីដូន​របស់ខ្លួន មុននឹង​បាញ់រះ​នៅឯ​សាលា Robb កាលពី​វេលា​ថ្ងៃត្រង់​នៃ​ថ្ងៃទី ២៤ ឧសភា បណ្ដាលឱ្យ​ក្មេង​យ៉ាងតិច ១៨ នាក់ និង​មនុស្សពេញវ័យ ៣ នាក់ ត្រូវ​បាត់បង់​ជីវិត។

ការស្រាវជ្រាវ​បឋម​បង្ហាញថា ជនដៃដល់​បានធ្វើ​សកម្មភាព​តែម្នាក់ឯង ដោយ​មិនមាន​ការចូលរួម​ពី​ជន​ដទៃ។ ការិយាល័យ​គ្រប់គ្រង​សាលា​នៃ​តំបន់ Uvalde ឱ្យដឹងថា បាន​លុបចោល​សកម្មភាព​នានា​បន្ទាប់ពី​ករណី​បាញ់រះ​នេះ​បាន​កើតឡើង។

ជនដៃដល់​ត្រូវបាន​គេ​ជឿថា ត្រូវ​ក្រុម​ប្រតិកម្ម​បន្ទាន់​បាញ់សម្លាប់។ ក្នុងការ​ធ្វើ​អន្តរាគមន៍​នេះ មាន​មន្ត្រី ២ រូប​ត្រូវ​គ្រាប់កាំភ្លើង ប៉ុន្តែ​មិនមាន​សភាព​ធ្ងន់ធ្ងរ។

នេះ​គឺជា​ករណី​បាញ់រះ​ក្នុង​សាលារៀន​ដ៏​អាក្រក់​បំផុត​នៅ សហរដ្ឋ​អាម៉េរិក រាប់​ចាប់ពី​ករណី​វាយប្រហារ​នៅ​សាលារៀន Sandy Hook រដ្ឋ Connecticut កាលពី​ឆ្នាំ ២០១២ បណ្ដាលឱ្យ​ក្មេង ២០ នាក់ និង​បុគ្គលិក​សិក្សា ៦ នាក់​បាន​បាត់​បង់ជីវិត។

នៅ សហរដ្ឋ​អាម៉េរិក បើទោះជា​ករណី​ហិង្សា​ដោយ​ប្រើប្រាស់​កាំភ្លើង​បាន​កើតឡើង​ញឹកញាប់ ប៉ុន្តែ សំណើ​ស្ដីពី​ការកែទម្រង់​ការគ្រប់គ្រង​អាវុធ​សម្រាប់​ពលរដ្ឋ មិន​ត្រូវបាន​ឯកភាពគ្នា​ទាំងស្រុង​ឡើយ​នៅឯ​សភាជាតិ ធ្វើឱ្យ​បណ្ដា​រដ្ឋ និង​ក្រុមប្រឹក្សា​នៅ​មូលដ្ឋាន ត្រូវ​ចេញ​បទបញ្ជា​ដោយឡែក។

កាលពី​ថ្ងៃទី ២៤ ឧសភា ក្រោយ​កើតមាន​ករណី​បាញ់រះ​ខាងលើ អនុ​ប្រធានាធិបតី និង​ប្រធានាធិបតី​អាម៉េរិក បាន​ថ្លែង​ជំ​រុញឱ្យ​កែប្រែ​គោលនយោបាយ​សមស្រប​ដើម្បី​ធានាថា ករណី​ស្រដៀង​គ្នា​នេះ​នឹងមិន​កើតឡើង​ជាថ្មី។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា អំពើ​បាញ់សម្លាប់​មនុស្ស​នៅ សហរដ្ឋ​អាម៉េរិក មាន​ចំនួន ១៩,៣៥០ ករណី ក្នុង​ឆ្នាំ ២០២០ កើនឡើង​ជិត ៣៥% ធៀប​នឹង​ឆ្នាំ ២០១៩៕

(សមត្ថកិច្ច និង​បុគ្គលិក​ប្រតិកម្ម​បន្ទាន់​នៅ​ខាងក្រៅ​សាលា Robb)

នៅក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ករណី​បាញ់រះ​កើតឡើង អភិបាលរដ្ឋ Texas លោក Greg Abbott អធិប្បាយ​ថា នេះ​គឺជា «សោកនាដកម្ម​ដ៏​រន្ធត់ មិនអាច​លើកលែងទោស​បានឡើយ»។

សេតវិមាន​ បាន​បង្ហូត​ទង់​ជាតិ​ពាក់​កណ្ដាល​ដង ដើម្បី​ជា​ការ​សម្ដែង​ការ​សោកស្ដាយ​ និង​ចូលរួម​រំលែក​ទុក្ខ​របស់​គ្រួសារ​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​បាញ់​រះ​នេះ​

 

Advertisement