មន្ត្រី​សេត​វិមាន ព្យាករ​ថា ការដែល រុស្ស៊ី ក្ស័យធន នឹងមិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ អាម៉េរិក

លេខា​សារព័ត៌មាន​របស់ សេត​វិមាន Karine Jean-Pierre

មន្ត្រី​សេត​វិមាន បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក អះអាងថា សេណារីយោ រុស្ស៊ី ក្ស័យធន នឹងមិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក និង​ពិភពលោក​ឡើយ។

«យើង​ព្យាករ​ថា ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាម៉េរិក ក៏ដូចជា​ពិភពលោក​នៅក្នុង​សេណារីយោ​នេះ មិន​គួរឱ្យ​ព្រួយបារម្ភ​ឡើយ ព្រោះថា រុស្ស៊ី បច្ចុប្បន្ន​ត្រូវ​បានដាក់​ឱ្យនៅ​ឯកោ​ផ្នែក​ហិរញ្ញវត្ថុ​ស្រាប់​ហើយ» លេខា​សារព័ត៌មាន​របស់ សេត​វិមាន Karine Jean-Pierre ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី ២៦ ឧសភា។

លោកស្រី​ឱ្យដឹងថា ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក នៅតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ស្ថានការណ៍ និង​រក្សា​ការពិភាក្សា​ជាមួយ​សហគមន៍​ហិរញ្ញវត្ថុ​អន្តរជាតិ។

រដ្ឋាភិបាល​អាម៉េរិក កាលពី​ថ្ងៃទី ២៥ ឧសភា ប្រកាសថា មិន​បន្ត​សុពលភាព​នៃ​បទបញ្ជា​បន្ធូរបន្ថយ​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​លើ រុស្ស៊ី ដែល​បាន​អនុញ្ញាតឱ្យ​ប្រទេស​នេះ​ទូទាត់​សងបំណុល​ដល់​ម្ចាស់បំណុល​នៅ សហរដ្ឋ​អាម៉េរិក ដែល​បាន​ទិញ​មូល​ប​ត្រ​បំណុល​របស់ រដ្ឋាភិបាល​រុស្ស៊ី។ ការសម្រេចចិត្ត​ផ្អាក​ការដាក់ទណ្ឌកម្ម​មុន​នោះ បាន​អស់​សុពលភាព​កាលពី​ថ្ងៃទី ២៥ ឧសភា ធ្វើឱ្យ រុស្ស៊ី មិនអាច​បន្ត​ការទូទាត់​បំណុល និង​ការប្រាក់​ដែល​ដល់​ថ្ងៃ​កំណត់​ត្រូវ​សង ដោយសារ អាម៉េរិក រាំងខ្ទប់​ការទូទាត់​អន្តរជាតិ​ចំពោះ រុស្ស៊ី។

សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បាន និង​កំពុង​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​សំដៅលើ រុស្ស៊ី ចាប់ពី​ខែកុម្ភៈ បន្ទាប់ពី ប្រធានាធិបតី ពូ​ទីន បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន។ ទណ្ឌកម្មសំខាន់ៗដែល រុស្ស៊ី កំពុង​ទទួលរង មានដូចជា ការសម្រេច​លុប រុស្ស៊ី ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT, ការ​រាំងខ្ទប់​ធនាគារជាតិ​រុស្ស៊ី មិន​ឱ្យចូល​ប្រើប្រាស់​ទុនបម្រុង​ផ្នែក​រូបិយប័ណ្ណ​អន្តរជាតិ​នៅ​បរទេស និង​ហាម​មិនឱ្យ​ធ្វើការ​ជាមួយ​បណ្ដា​ធនាគារ​នៅ សហរដ្ឋ​អាម៉េរិក រួម​នឹង​ប្រទេស​មួយចំនួន​ផ្សេងទៀត។

Advertisement