អ៊ុយ​ក្រែ​ន អាច​នឹង​បិទ​បណ្ដាញ​បង្ហូរ​ប្រេង បើសិន សមាជិក​ណាតូ មួយ​នេះ នៅតែ​រារាំង​ទណ្ឌកម្ម​ប្រឆាំង​នឹង រុស្ស៊ី

រដ្ឋមន្ត្រីក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន ព្រមាន​ថា អាច​នឹង​ប្រើប្រាស់​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង Druzhba ដើម្បី​ដាក់​សម្ពាធ​លើ ប្រទេស​ហុង​គ្រី នៅពេល ទីក្រុង​ប៊ុ​យ​ដា​ប៉ែស (Budapest) រារាំង​ការដាក់ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប (EU) ប្រឆាំងនឹង រុស្ស៊ី។

«អ៊ុយ​ក្រែ​ន មាន​ឧបករណ៍​ដាក់​សម្ពាធ​យ៉ាង​ខ្លាំងក្លា នោះ​គឺ​ផ្លូវ​បំពង់​បង្ហូរ Druzhba» រដ្ឋមន្ត្រីក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន Lana Zerkal បាន​ថ្លែង​កាលពី​ថ្ងៃទី ២៦ ឧសភា ទាក់ទង​នឹង​ការដែល ហុង​គ្រី រារាំង​ទណ្ឌកម្ម​របស់ អឺរ៉ុប និង​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​ប្រវែង​ប្រហែល ៤,០០០ គីឡូម៉ែត្រ ដែល​រត់​ពី រុស្ស៊ី ទៅកាន់ អឺរ៉ុប។

ផ្នែក​ខាងត្បូង​នៃ​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង Druzhba រត់​ឆ្លងកាត់​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ទៅកាន់ ហុង​គ្រី និង ស្លូ​វ៉ា​គី។ រដ្ឋមន្ត្រី Zerkal យល់ថា នឹង​ងាយ​យល់​ណាស់ «បើសិន​ជាមាន​បញ្ហា​អ្វីមួយ​កើតឡើង» ចំពោះ​បំពង់​បង្ហូរ​ប្រេង Druzhba ដែល​ឆ្ពោះទៅកាន់ ហុង​គ្រី ប៉ុន្តែ មិនបាន​និយាយ​លម្អិត​ថា នោះ​នឹង​ជា​បញ្ហា​អ្វី។

រដ្ឋមន្ត្រី Zerkal បាន​រិះគន់​លើ រដ្ឋាភិបាល​ហុង​គ្រី ដែល​ចេះតែ​រារាំង​ការអនុម័ត​លើ​បទបញ្ជា​ស្ដីពី​ការដាក់ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ទៅលើ ទីក្រុង​មូ​ស្គូ ក្នុងនោះ​មានការ​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី ផងដែរ។

រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន លោក​ស្រី Lana Zerkal
បណ្ដាញបំពង់បង្ហូរប្រេង Druzhba
Advertisement