សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៩៣ ៖ រុស្ស៊ី មានប្រៀប​លើសលុប​លើ​គូសត្រូវ

រុស្ស៊ី កំពុង​វាយ​ប្រហារ​ខ្លាំង​ក្លា​ទៅ​លើ​តំបន់ Donbass

ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន បាន​ទទួលស្គាល់ថា កងកម្លាំង​របស់​ប្រទេស​នេះ​អាច​នឹងត្រូវ​ដកថយ​ពី​ទីតាំង​មួយចំនួន​នៅ​តំបន់ Donbass ដោយសារតែ រុស្ស៊ី មានប្រៀប​លើសលុប ទាំង​ចំនួន​ទាហាន ទាំង​ចំនួន​សព្វាវុធ។

កងទ័ព​រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​បាន​ប្រើប្រាស់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី កាំជ្រួច​ហ្វោ​ង កាំភ្លើង​ធំ​ធុន​ធ្ងន់ និង​រថក្រោះ ក្នុងការ​វាយ​សម្រុក​យ៉ាងខ្លាំង​ក្លា​ទៅលើ​ទីរួមស្រុក និង​ទីក្រុង​នៅក្នុង​ខេត្ត Lugansk និង Donetsk ជាទី​ដែល អ៊ុយ​ក្រែ​ន កំពុង​គ្រប់គ្រង នេះ​បើតាម​ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន។

ក្រុមមន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ប្រកាសថា រុស្ស៊ី សម្រេចបាន​គោលដៅ​តូចតាច​នៅលើ​សមរភូមិ​ជាក់ស្ដែង ប៉ុន្តែ បាន​ទទួលស្គាល់ថា ស្ថានការណ៍ «លំបាក​ខ្លាំងណាស់» ហើយ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន ត្រូវ​ដកថយ​ពី​ទីកន្លែង​មួយចំនួន។

កម្លាំង​រុស្ស៊ី ហាក់​កំពុង​ប្រើប្រាស់​កាំភ្លើង​ធំ​ធន់​ធ្ងន់ បាញ់​ទៅលើ​ទីរួមស្រុក​នានា​នៅ​តំបន់ Donbass ដើម្បី​កម្ទេច​ខ្សែការពារ និង​កាត់ផ្ដាច់​ផ្លូវ​ផ្គត់ផ្គង់​របស់ អ៊ុយ​ក្រែ​ន។

កងកម្លាំង​រុស្ស៊ី កំពុង​ពង្រីក​ការឡោមព័ទ្ធ​ទីក្រុង Severodonetsk ក្នុង​បំណង​គ្រប់គ្រង​ទាំងស្រុង​ទៅលើ​ខេត្ត Lugansk។ អភិបាលខេត្ត​នេះ​ឱ្យដឹងថា កងកម្លាំង​រុស្ស៊ី បាន​ឡោមព័ទ្ធ និង​គ្រប់គ្រង​ប្រមាណ ២/៣ នៃ​ទឹកដី​របស់ Severodonetsk និង ៩០% នៃ​អគារ​ក្នុង​ទីក្រុង​នេះ ត្រូវបាន​បំផ្លាញ។

ក្នុង​គ្រា​ដែល​ការប្រយុទ្ធ​គ្នា​កំពុង​កើតឡើង​នៅ​តំបន់ Donbass ការចរចា​សន្តិភាពរ​វាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នៅតែ​ត្រូវបាន​ពន្យារពេល ហើយ​ភាគី​ទាំងពីរ​ទម្លាក់កំហុស​លើ​គ្នា។

ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ឱ្យដឹងថា មកដល់​បច្ចុប្បន្ន ប្រជាជន​អ៊ុយ​ក្រែ​ន ចំនួន ៦.៧ លាន​នាក់ បាន​ចាក​ចេញពី​ប្រទេស បន្ទាប់ពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។ ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) រកឃើញថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​បណ្ដាលឱ្យមាន​ប្រជាជន​សាមញ្ញ​យ៉ាងហោច ៤,០៣១ នាក់​បាត់​បង់ជីវិត និង ៤,៧៣៥ នាក់ រង​រូស ប៉ុន្តែ បាន​ព្រមាន​ថា តួលេខ​ពិត​អាច​ខ្ពស់ជាង​នេះ។

Advertisement