«ថូផ្កា​បុរាណ» ​ដែល​ធ្លាប់​ត្រូវគេ​ដាក់​ចោល​ក្នុង​ផ្ទះបាយ ត្រូវបាន​លក់​ដេញថ្លៃ រហូតដល់ ១.៨ លាន​ដុល្លារ​​សហរដ្ឋ​អាម៉េរិក

ថូផ្កា​របស់​រាជវាំង​ដែលមាន​ជាប់ទាក់ទង​នឹង​ស្ដេច ឆៀន​ឡុង (Qianlong) ដែលមាន​ពណ៌​យ៉ាង​ស្រស់ស្អាត និង​យ៉ាង​ពិសិដ្ឋ ត្រូវបាន​លក់​ក្នុងតម្លៃ​ខ្ពស់ជាង ១០ ដង ធៀប​នឹង​ការគ្រោងទុក។

យោងតាម​ការរំពឹងទុក​ដំបូង​របស់​អ្នករៀបចំ​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ Dreweatts ដែលមាន​មូលដ្ឋាន​នៅ ចក្រភព​អង់គ្លេស ថូផ្កា​បុរាណ​នេះ​អាចមាន​តម្លៃ​ចន្លោះ​ពី ១០០,០០០ ទៅ ១៥០,០០០ ផោន ប្រហែល​ពី១២៦,០០០ ទៅ ១៨៩,០០០ ដុល្លារ​អាម៉េរិក។ ប៉ុន្តែ ចុងក្រោយ វត្ថុ​បុរាណ​មួយ​នេះ​ត្រូវបាន​លក់​ក្នុងតម្លៃ​រហូតដល់ ១.៨ លាន​ដុល្លារ​អាម៉េរិក។ ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៨ ឧសភា ២០២២ ប៉ុន្តែ អត្តសញ្ញាណ​អ្នកទិញ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។

Dreweatts ឱ្យដឹងថា ថូផ្កា​ធ្វើ​អំពី​សេ​រ៉ា​មិ​ក កាលពី​សតវត្សរ៍​ទី ១៨ នេះ មាន​កម្ពស់ ៦១.៥ សម និង​ទទឹង ៤២ សម, ត្រូវបាន​លាប​ពណ៌​ខៀវ​យ៉ាង​ពិសិដ្ឋ អម​ជាមួយនឹង​រចនា​លម្អ​ដោយ​មាស និង​ប្រាក់ ដែល​រៀបរាប់​អំពី​ពពក សត្វ​ក្រៀល, ក្អែក, សារិកា និង​ប្រចៀវ។

ការរួម​ផ្សំ​របស់​រចនា រូបភាព​ដែល​លម្អ​ដោយ​មាស ប្រាក់​នៅលើ​ថូផ្កា​នេះ «ពិតជា​ពិបាកធ្វើ​ឱ្យបាន​សម្រេច ហើយ​នោះ​គឺជា​ប្រកា​រដែ​លវា​ពិសេស និង​ខុសពី​ធម្មតា» Mark Newstead អ្នកជំនាញ​ផ្នែក​សេ​រ៉ា​មិ​ក និង​សិល្ប​អាស៊ី នៃ​ក្រុមហ៊ុន Dreweatts បញ្ជាក់​ដូច្នេះ។

យោងតាម Dreaweatts ថូន​ផ្កា​នេះ​ទំនងជា​ធ្លាប់បាន​ដាក់តាំង​នៅក្នុង​រាជវាំង Zijincheng (紫禁城 / Forbidden City) ឬ​រាជវាំង​មួយ​ផ្សេងទៀត​របស់​អធិរាជ ឆៀន​ឡុង(១៧១១-១៧៩៩) ជា​ស្ដេច​ជំនា​ន់ទី ៦ របស់​រាជវង្ស​ឈី​ង ដែលជា​រាជវង្ស​សក្តិភូមិ​ចុងក្រោយ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន។

មុនពេល​ត្រូវបាន​យកមក​ដាក់លក់​ដេញថ្លៃ «វត្ថុ​បុរាណ​របស់​រាជវង្ស​ឈី​ង» បាន​ឆ្លងកាត់​ដំណាក់កាល​ត្រូវគេ​បំភ្លេចចោល​នៅក្នុង​ផ្ទះបាយ​មួយ​នៅ ចក្រភព​អង់គ្លេស។ ក្រុម​អ្នកប្រវត្តិសាស្ត្រ​បច្ចុប្បន្ន មិនទាន់​ប្រាកដ​អំពី​ប្រវត្តិ​របស់​ថូផ្កា​នេះ​នៅឡើយ។

Advertisement