អាល្លឺម៉ង់ ចំណាយ​ជាង ១០០ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា

ទាហាន​ និង​រថ​ពាស​ដែក​​របស់ អាល្លឺម៉ង់ ក្នុង​ថ្ងៃ​ធ្វើ​សម​យុទ្ធ​កាលពី​ថ្ងៃទី ២៤ ឧសភា ២០២២

រដ្ឋាភិបាល​អាល្លឺម៉ង់ និង​បក្សប្រឆាំង បាន​ឯកភាពគ្នា​បញ្ចេញ​ខ្ទង់​ប្រាក់ ១០៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​កញ្ចប់​ថវិកា​ពិ​សេស​ដើម្បី​ធ្វើ​ទំនើបកម្ម​កងទ័ព​រប​ស់​ប្រទេស​នេះ។

សេចក្ដីសម្រេច​ខាងលើ​ត្រូវបាន​អនុម័ត​កាលពី​ព្រលប់​ថ្ងៃទី ២៩ ឧសភា ក្រោយ​ការចរចា​យ៉ាង​លំបាក​អស់​ជាច្រើន​សប្ដាហ៍​រវាង​បណ្ដា​បក្ស​ក្នុង​រដ្ឋាភិបាលចម្រុះ និង​បក្សប្រឆាំង​របស់​អតីត​អធិការបតី Angela Merkel។

ជោគជ័យ​នៃ​ការចរចា​ខាងលើនេះ​ជួយ​ឱ្យ រដ្ឋាភិបាល​អាល្លឺម៉ង់ បង្កើត​ខ្ទង់ចំណាយ​ពិសេស​សម្រាប់​កិច្ចព្រមព្រៀង​ទិញ​គ្រឿង​សព្វាវុធ និង​សម្រេចបាន​គោលដៅ​នៃ​ការចំណាយ​លើ​វិស័យ​យោធា​ប្រមាណ ២% ធៀប​នឹង GDP (ផលិតផល​ក្នុងស្រុក​សរុប) ដែល ណា​តូ បានកំណត់។

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz កាលពី​ខែកុម្ភៈ បានដាក់​សំណើ​ថវិកា​ពិសេស ១០០ ពាន់​លាន​អឺរ៉ូ (១០៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​បំពាក់អាវុធ​ជាថ្មី​ដល់​កងទ័ព​អាល្លឺម៉ង់ និង​ធ្វើ​ទំនើបកម្ម​យោធា​របស់​ប្រទេស​នេះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន។

Advertisement