គំរាមថា «ប្រើ​កាំភ្លើង​បាញ់រះ» សិស្ស​ថ្នាក់​បឋម​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

(សហរដ្ឋ​អាម៉េរិក)-ក្មេងប្រុស​ម្នាក់​រៀន​ថ្នាក់​ទី ៥ នៅ Florida ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​បាន​ផ្ញើ​សារ​គំរាមថា​នឹងធ្វើ​ការបាញ់រះ។

សមត្ថកិច្ច​មិនបាន​បង្ហើប​ឱ្យដឹង​អត្តសញ្ញាណ​របស់​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​ខាងលើនេះ​ទេ ប៉ុន្តែ បញ្ជាក់ថា ជា​សិស្ស​រៀន​នៅ​សាលា Patriot ក្នុង​ទីក្រុង Cape Coral រដ្ឋ Florida សហរដ្ឋ​អាម៉េរិក។ ប៉ូលិស​បាន​ចាប់​វាយខ្នោះ និង​នាំខ្លួន​ឡើង​រថយន្ត​កាលពី​ព្រលប់​ថ្ងៃទី ២៨ ឧសភា។

«សកម្មភាព​របស់​សិស្ស​សាលា​រូបនេះ​ពិតជា​គួរឱ្យ​ព្រួ​បារម្ភ​ណាស់ ពិសេស​គឺ​បន្ទាប់ពី​ករណី​គួរឱ្យ​សោកសៅ​ថ្មី ៗនេះ​នៅ Uvalde រដ្ឋ Texas។ ការធានា​សុវត្ថិភាព​ជូនកូនៗរបស់​យើង គឺជា​រឿង​សំខាន់បំផុត» អធិការនគរបាល​ស្រុក Lee លោក Carmine Marceno ឱ្យដឹង​ដូច្នេះ។

បច្ចុប្បន្ន មិនទាន់​ដឹងថា ក្មេងប្រុស​នេះ​បាន​ផ្ញើ​សារ​ទៅ​គំរាម​អ្នកណា ក៏ដូចជា​នឹងត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​យ៉ាងណា​​នៅ​ឡើយ។

Advertisement