មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ព្យាករ​អំពី​ពេលវេលា​ដែល​ជំងឺ​រាតត្បាត​សកល​បន្ទាប់ វាយប្រហារ​ពិភពលោក

មហាសេដ្ឋី ប៊ីល ហ្គេត (Bill Gates)

សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft លោក ប៊ី​ល ហ្គេ​ត បាន​ប្រាប់​សារព័ត៌មាន​អេ​ស្ប៉ា​ញ El Diario ថា ជំងឺ​រាតត្បាត​សកល​មួយ​ផ្សេងទៀត ដែល​នឹង​វាយប្រហារ​លើ​ប្រជាជន​ពិភពលោក​ក្នុងអំឡុង ២០ ឆ្នាំ​ទៀត​គឺមាន​លទ្ធភាព​កើតឡើង​រហូតដល់ ៥០%។

មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ជឿថា នោះ​អាចជា​វីរុស​មួយ​ប្រភេទ​ដែល​មនុស្ស​បង្កើតឡើង ឬ​កើត​ពី​ធម្មជាតិ​ដែល​បង្កឡើង​ដោយ​ផលវិបាក​ដែល​ទាក់ទិន​នឹង​ការប្រែប្រួល​នៃ​អាកាសធាតុ។ កាលពី​ថ្ងៃទី ៣ ឧសភា លោក ហ្គេ​ត បាន​បញ្ចេញ​សៀវភៅ​ថ្មី​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «ធ្វើយ៉ាងណា​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​បន្ទាប់»។

មហាសេដ្ឋី​រូបនេះ មុន​នោះបាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នានា ផ្ដល់​ការគាំទ្រ​ដល់​ក្រុម​អ្នកវិទ្យាសាស្ត្រ ក្នុងការ​បង្កើត​រូបមន្ត​កុំព្យូទ័រ​ដើម្បី​ស្វែងរក​ការគំរាមកំហែង​ចំពោះ​សុខភាព​ទូទាំង​សកលលោក។ ក្រៅពីនេះ លោក ប៊ី​ល ហ្គេ​ត ក៏បាន​ស្នើឱ្យ​បង្កើន​ការចំណាយ​ដើម្បី​កែលម្អ​សមត្ថភាព​នៃ​ការត្រៀមខ្លួន​ជាមុន​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត។

លោក ហ្គេ​ត យល់ថា មានតែ អង្គការ​សុខភាព​ពិភពលោក ប៉ុណ្ណោះ ទើប​មាន​សមត្ថភាព​បង្កើត និង​គ្រប់គ្រង​ក្រុម​ជំនាញ​លំដាប់​កំពូល​បាន ដោយ​ប្រើប្រាស់​ខ្ទង់​ប្រាក់​ជំនួយ​ប្រមាណ ១ ពាន់​លាន​ដុល្លារ/ឆ្នាំ។

កាលពី​ឆ្នាំ ២០១៥ លោក ប៊ី​ល ហ្គេ​ត គឺជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ព្រមាន​ជា​សាធារណៈ​ថា ពិភពលោក​មិនទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ សម្រាប់​ការប្រឈមមុខ​នឹង​ជំងឺ​រាតត្បាត​សកល​ថ្មី។ មហាសេដ្ឋី​រូបនេះ​អះអាងថា វីរុស​គឺជា​អ្នកបង្ក​ហានិភ័យ​កើតមាន​សោកនាដកម្ម​ទូទាំង​សកលលោក មិនមែន​សង្គ្រាម​នោះទេ។

ចំពោះ​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ វិញ បច្ចុប្បន្ន ចំនួន​ករណី​ឆ្លង​សរុប​បាន​កើនឡើង​ដល់​ជាង ៥២៨ លាន​នាក់ ក្នុងនោះ​មាន​ប្រមាណ ៦.២ លាន​នាក់ បាន​បាត់​បង់ជីវិត៕

Advertisement