សហភាព​អឺរ៉ុប ឯកភាពគ្នា លើ​​ការ​ហាម​ឃាត់​ប្រេង​របស់ រុស្ស៊ី

ក្រុម​មេដឹកនាំ​របស់ សហភាព​អឺរ៉ុប (EU) បាន​ឯកភាពគ្នា លើ​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី ចំនួន ២/៣ បន្ទាប់ពី​មានការ​យល់ព្រម​ពី ហុង​គ្រី នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ ព្រុ​ច​សែ​ល។

«ឯកភាព​លើ​ការហាមឃាត់​នាំចូល​ប្រេង​ពី រុស្ស៊ី មកកាន់ សហភាព​អឺរ៉ុប។ ប្រការនេះ​នឹងមាន​សុពលភាពភ្លាមៗចំពោះ ២/៣ នៃ​បរិមាណ​ប្រេង​នាំចូល​ពី រុស្ស៊ី ដែល​នេះ​នឹង​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​យ៉ាង​ធំ​សម្បើម​សម្រាប់​ក្បាលម៉ាស៊ីន​សង្គ្រាម​របស់​ពួកគេ។ ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​លើ រុស្ស៊ី ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា» ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប (EC) Charles Michel សរសើរ​លើ Twitter កាលពី​យប់​ថ្ងៃទី ៣០ ឧសភា ក្រោយ​កិច្ចប្រជុំ​កំពូល​របស់ EC នៅ ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក។

ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប Ursula von der Leyen ប្រកាសថា ក្រុម​មេដឹកនាំ EU បាន «ឯកភាពគ្នា​ទៅលើ​គោលការណ៍» សម្រាប់​ការដាក់ទណ្ឌកម្ម​លើ​ប្រេង​ពី រុស្ស៊ី។ «EC ពេលនេះ​អាច​សម្រេចបាន​បទបញ្ជា​ដាក់ទណ្ឌកម្ម ៩០% នៃ​ប្រេង​នាំចូល​ពី រុស្ស៊ី មុន​ឆ្នាំ ២០២៣។ នេះ​គឺជា​ជំហាន​សំខាន់។ យើង​នឹង​ឆាប់​វិល​ត្រលប់មក​ដោះស្រាយ​បញ្ហា​ស្ដីពី ១០% ដែល​នៅ​សេសសល់» លោកស្រី Leyen ថ្លែង​ដូច្នេះ។

EU បាន​ពិភាក្សាគ្នា​អស់​ជាច្រើន​សប្ដាហ៍​មកហើយ ស្ដីពី​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី ប៉ុន្តែ ជួប​ឧបសគ្គ​ធំ​ដោយសារ​ការជំទាស់​រប​ស់ នាយករដ្ឋមន្ត្រី​ហុង​គ្រី Viktor Orban ដែល​បាន​លើកឡើងថា ការ​កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ប្រេង​នឹង​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​នេះ។ ការសម្រេចចិត្ត​ហាមឃាត់ ២/៣ នៃ​ប្រេង​នាំចូល​ពី រុស្ស៊ី ត្រូវ​បានលើកឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​របស់​សហភាព​នេះ បាន​ឯកភាព​ជាមួយ ហុង​គ្រី ថា នឹង​លើកលែង​ការហាមឃាត់​ចំពោះ​ការ​នាំចូល​ប្រេង​ដោយ​បំពង់​បង្ហូរ។

EU ក៏បាន​ឯកភាពគ្នា ដក​ធនាគារ​ធំជាងគេ​របស់ រុស្ស៊ី Sberbank ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ SWIFT និង​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​វិទ្យុ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ចំនួន ៣ បន្ថែមទៀត​ផងដែរ។

ក្រុមមន្ត្រី​របស់ ប្រទេស​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការសម្រេចចិត្ត​ខាងលើ​របស់ សហភាព​អឺរ៉ុប។

Advertisement