ដា​ណឺ​ម៉ាក ថា រុស្ស៊ី កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ

ប្រព័ន្ធ​បង្ហូរ​ឧស្ម័ន Nord Stream 2 នៅ​តំបន់ Leningrad ប្រទេស​រុស្ស៊ី កាលពី​ឆ្នាំ ២០២១

ក្រុមហ៊ុន​ថាមពល​ដា​ណឺ​ម៉ាក Orsted បញ្ជាក់ថា រុស្ស៊ី កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ដល់​ប្រទេស​របស់ខ្លួន ចាប់ពី​ថ្ងៃទី ០១ មិថុនា ព្រោះ​បដិសេធ​ទូទាត់​ដោយ​ប្រាក់​រូ​ប្ល​រុស្ស៊ី។

ក្រុមហ៊ុន Orsted កាលពី​ថ្ងៃទី ៣១ ឧសភា បានឱ្យដឹងថា ក្រុមហ៊ុន Gazprom របស់ រុស្ស៊ី ប្រកាសថា ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​របស់​ប្រទេស​នេះ​ត្រូវបាន​ផ្អាក​ចាប់ពី​ម៉ោង ០៦ ព្រឹក ថ្ងៃទី ០១ មិថុនា។ Orsted បាន​ត្រៀម​ទប់ទល់​នឹង​បញ្ហា​នេះ​ដោយ​ការ​បំ​ឃ្លាំង​នៅ ដា​ណឺ​ម៉ាក និង អាល្លឺម៉ង់ ដើម្បី​ធានា​ប្រភព​ផ្គត់ផ្គង់​ដល់​អតិថិជន។

«ដោយសារតែ​មិនមាន​បំពង់​បង្ហូរ​ឧស្ម័ន​ផ្ទា​ល់ពី រុស្ស៊ី មកកាន់ ដា​ណឺ​ម៉ាក រុស្ស៊ី នឹង​មិនអាច​កាត់ផ្ដាច់​ដោយផ្ទាល់​នូវ​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​មកកាន់​ប្រទេស​របស់​យើង ដូច្នេះហើយ ដា​ណឺ​ម៉ាក នៅតែមាន​លទ្ធភាព​ទទួល​បាន​ឧស្ម័ន» ប្រកាស​របស់​ក្រុមហ៊ុន Orsted លើកឡើង​ដូច្នេះ។

ក៏ប៉ុន្តែ ក្រុមហ៊ុន Orsted បាន​និយាយថា ដា​ណឺ​ម៉ាក ត្រូវ​ស្វែងរក​ទិញ​ឧស្ម័ន​ពី​បណ្ដា​ប្រទេស​ដទៃ​នៅ អឺរ៉ុប ដើម្បី​បំពេញ​តម្រូវ​ការ។

រុស្ស៊ី ប្រកាសថា នឹង​ទទួល​យកតែ​ការទូទាត់​វិក្ក​យ​ប័ត្រ​ទិញ​ឧស្ម័ន​ដោយ​ប្រា​ក់រូ​ប្ល​រុស្ស៊ី តែប៉ុណ្ណោះ ដោយ​អ្នកទិញ​ត្រូវបង្កើត​គណនី​ប្រា​ក់រូ​ប្ល មិន​ដូច្នេះ​ទេ នឹង​ត្រូវបាន​កាត់ផ្ដាច់​ការផ្គត់ផ្គង់។ វិធានការ​នេះ​ត្រូវបាន រុស្ស៊ី ដាក់ចេញ​ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌកម្ម​អន្តរជាតិ បន្ទាប់ពី ទីក្រុង​មូ​ស្គូ ចូល​ឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ រហូតដល់​បច្ចុប្បន្ន។

មុន​នោះ​មួយថ្ងៃ ក្រុមហ៊ុន​ថាមពល GasTerra របស់ ហូ​ឡង់ ក៏បាន​ប្រកាសថា Gazprom បាន​ផ្អាក​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​នេះ ព្រោះតែ​មិន​ព្រម​ទូទាត់​ដោយ​ប្រា​ក់រូ​ប្ល​រុស្ស៊ី។

Advertisement