តុលាការ​ចិន ប្រកាស​កាត់ទោស​ប្រហារជីវិត​អតីតមន្ត្រី​មូល​ប​ត្រ

Tong Daochi គឺ​ជា​អតីតមន្ត្រីនៃគណៈកម្មការមូលបត្រចិន

តុលាការ​ចិន ប្រកាស​សាលក្រម​កាត់ទោស​ប្រហារជីវិត​ចំពោះ Tong Daochi អតីតមន្ត្រី​នៃ​គណៈកម្មការ​មូល​ប​ត្រ​ចិន ព្រោះតែ​ទទួល​សំណូក និង​ជួញដូរ​ភាគហ៊ុន​ដោយ​ខុសច្បាប់។

តុលាការ​ថ្នាក់កណ្ដាល​របស់​ទីក្រុង Shenzhen ខេត្ត ក្វាង​តុង កាលពី​ថ្ងៃទី ២ មិថុនា បានប្រកាស​កាត់ទោស​ប្រហារជីវិត​ដោយមាន​ការព្យួរទោស ២ ឆ្នាំ ចំពោះ Tong Daochi។ ទោស​នេះ​តែង​ត្រូវបាន​បន្ថយ​មក​នៅត្រឹម​ជាប់ពន្ធនាគារ​អស់​មួយជីវិត បើសិន​ទណ្ឌិត​ត្រូវបាន​គេ​មើលឃើញថា មានការ​កែប្រែ​ល្អ។

Tong Daochi ក៏ត្រូវ​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ពេញ​មួយជីវិត និង​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ទាំងអស់​ផងដែរ។

Tong Daochi ធ្លាប់ជា​សមាជិក​អចិន្ត្រៃយ៍​នៃ គណៈកម្មាធិការ​បក្ស​ខេត្ត Hainan និង​ជា​អតីត​លេខា​បក្ស​ក្រុង Sanya នៃ​ខេត្ត​នេះ។ ជននេះ​ធ្លាប់​កាន់តំណែង​មួយចំនួន​នៅក្នុង​គណៈកម្មការ​គ្រប់គ្រង​ផ្សា​រមូល​ប​ត្រ​ចិន (CSRC)។

យោងតាម​ឯកសារ​ពី​តុលាការ ចាប់ពី​ឆ្នាំ ២០០៤ ដល់ ២០២០ Tong បាន​ប្រើប្រាស់​តួនាទី​នៅ CSRC និង Hainan ដើម្បី​ជួយ​ដល់​អ្នកដទៃ​ក្នុងការ​បោះផ្សាយ​មូល​ប​ត្រ​សាធារណៈ​ដំបូង (IPO), សកម្មភាព​ជំនួញ ការខ្ចី​បុល និង​ការដំឡើង​តំណែង។ ជំនួស​មកវិញ ជននេះ​ទទួលបាន​ប្រាក់ និង​អំណោយ​តម្លៃ​ជាង ២៧៤ លាន​យុន ប្រហែល ៤១ លាន​ដុល្លារ​អាម៉េរិក។

ទន្ទឹមនឹងនេះ Tong ក៏ត្រូវ​បាន​គេ​រកឃើញថា បាន​ប្រើប្រាស់​ព័ត៌មាន​ផ្ទៃក្នុង​ដែល​ខ្លួន​ដឹង​តាមរយៈ​តំណែង​នៅ CSRC ដើម្បី​ណែនាំ​ឱ្យ​អ្នក​នៅក្បែរ​ខ្លួន ឬ​អ្នក​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ខ្លួន ទិញ​ភាគហ៊ុន​ដែល​ទាក់ទង មានតម្លៃ​ជាង ៣១ លាន​យុន ប្រហែល ៤.៧ លាន​ដុល្លារ​អាម៉េរិក រកប្រាក់​ចំណេញ​ខុសច្បាប់​បាន​ជាង ៣.៣៨ លាន​យុន ប្រហែល ៥០៧,០០០ ដុល្លារ​អាម៉េរិក ចាប់ពី​ឆ្នាំ ២០០៦ ដល់ ២០០៧។

នៅ ប្រទេស​ចិន បន្ទាប់ពី​ប្រធានាធិបតី ស៊ី ជីន​ពីង ផ្ដួចផ្ដើម​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​កាលពី​ឆ្នាំ ២០១២ មនុស្ស​ជាង ១ លាន​នាក់ រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប ត្រូវបាន​ចាប់ខ្លួន។

Advertisement