នាវា និង​យន្តហោះ​ជាង ៦០ គ្រឿង របស់ រុស្ស៊ី ធ្វើ​សមយុទ្ធ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក

កងនាវាចម្បាំង​របស់ រុស្ស៊ី ធ្វើ​សមយុទ្ធ​នៅ​កណ្ដាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ឆ្នាំ​ ២០២១

កង​នាវា​ប៉ាស៊ីហ្វិក នៃ កងទ័ពជើងទឹក​រុស្ស៊ី ធ្វើ​សមយុទ្ធ​រយៈពេល​មួយ​សប្ដាហ៍​ជាមួយនឹង​វិញ្ញាសារ​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការរុករក​នាវាមុជទឹក​របស់​សត្រូវ​ផងដែរ។

ក្រសួងការពារជាតិ​រុស្ស៊ី បានឱ្យដឹងថា សមយុទ្ធ​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ១០ មិថុនា ដោយមាន​ការចូលរួម​របស់​នាវា​ជាង ៤០ គ្រឿង និង​យន្តហោះ ២០ គ្រឿង​នេះ គឺជា​សកម្មភាព​ស្ថិតក្នុង​កម្មវិធី​ហ្វឹកហ្វឺន​ទៀងទាត់​ដែលមាន​គម្រោង​ពីមុន​មកហើយ។

សមយុទ្ធ​នេះ​ក៏មាន​វត្តមាន​របស់​ក្រុម​នាវាចម្បាំង​យុទ្ធសាស្ត្រ នាវា​អម​ការពារ នាវាមុជទឹក នាវា​រុករក​គ្រាប់មីន នាវា​មី​ស៊ី​ល និង​នាវា​ដឹកជញ្ជូន​ផងដែរ។

ព្រឹត្តិការណ៍​នេះ​កើតឡើង​មួយ​សប្ដាហ៍​បន្ទាប់ពី​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក Tu-៩៥MS របស់ រុស្ស៊ី និង H-៦ របស់ ចិន ធ្វើ​សមយុទ្ធ​រួមគ្នា​ក្នុង​រយៈពេល ១៣ ម៉ោង លើ​សមុទ្រ​ជប៉ុន សមុទ្រ​ចិន​ខាងកើត និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច នាំឱ្យ ទីក្រុង​សេ​អ៊ូ​ល និង តូ​ក្យូ បញ្ចេញ​យន្តហោះ​ចម្បាំង​ទៅ​ទប់ទល់។

សមយុទ្ធ​រុស្ស៊ី-ចិន នេះ ត្រូវបាន​ធ្វើឡើង​នៅពេល​បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ចតុ​ភាគី រួមមាន អាម៉េរិក, ជប៉ុន, អូស្ត្រាលី និង ឥណ្ឌា ជួបប្រជុំ​នៅ ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន។

Advertisement