អ៊ុយ​ក្រែ​ន ប្រកាស​អំពី​ខ្ទង់​ខាតបង់​ក្នុងអំឡុង ៣ ខែ​នៃ​សង្គ្រាម​ជាមួយ រុស្ស៊ី

នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal

គណៈរដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន គណនា​ឃើញថា ប្រទេស​នេះ​រង​ការខាតបង់ ៦០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្រោយ​រយៈពេល​ជិត ១០០ ថ្ងៃ ដែល រុស្ស៊ី បាន​ចូល​ឈ្លានពាន។

«តាម​ការ​គណនា​របស់​រដ្ឋាភិបាល ការខូចខាត​ដែល​សេដ្ឋកិច្ច​របស់ អ៊ុយ​ក្រែ​ន ត្រូវ​រង​ដោយសារ​តែ​សង្គ្រាម បាន​កើន​ឡើងដល់ ៦០០ ពាន់​លាន​ដុល្លារ​អាម៉េរិក» នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Denys Shmyhal ឱ្យដឹង​នៅក្នុង​វេទិកា GLOBSEC ២០២២ នៅ Bratislava កាលពី​ថ្ងៃទី ២ មិថុនា។

តួលេខ ៦០០ ពាន់​លាន​ដុល្លារ​នេះ​គឺជា​ការខូចខាត​ពី​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ពន្យារពេល ច្រក​នាំចេញ​ត្រូវ​រាំងខ្ទប់ បណ្ដា​ក្រុមហ៊ុន​ត្រូវបាន​ផ្អាក​សកម្មភាព ក៏ដូចជា​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែង ផ្លូវថ្នល់ បណ្ដាញ​ទំនាក់ទំនង។ល។

នាយករដ្ឋមន្ត្រី និង ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និយាយថា ដើម្បី​ស្ដារ​ប្រទេស​ឡើងវិញ អ៊ុយ​ក្រែ​ន ត្រូវការ​កិច្ចសហការ និង​ជំនួយ​ពី​វិស័យ​ឯកជន និង​រដ្ឋាភិបាល​បរទេស ពិសេស​គឺ​បស្ចិម​លោក។

ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប លោក​ស្រី Ursula von der Leyen និង​ប្រធានាធិបតី​អាម៉េរិក កាលពីពេល​កន្លង​ក៏បាន​ឱ្យដឹងថា សហភាព​អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក កំពុង​រក​វិធី​ប្រើប្រាស់​ទ្រព្យ​ដែល​រឹបអូស​បាន​ពី​ក្រុម​អ្នកមាន​របស់ រុស្ស៊ី ដើម្បី​ស្ដារ ប្រទេស​អ៊ុយ​ក្រែ​ន ឡើងវិញ៕

Advertisement