ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា «នឹង​ដណ្ដើម​ទឹកដី​ទាំងអស់​ត្រលប់​មកវិញ»

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី

ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ប្រកាសថា អ៊ុយ​ក្រែ​ន នឹង​ដណ្ដើម​មកវិញ​ទាំងអស់​នូវ​ទឹកដី​របស់ខ្លួន​ដែល រុស្ស៊ី កំពុង​កាន់កាប់ ក្នុង​គ្រា​ដែល​ស្ថានការណ៍​នៅ​ភាគ​ខាងកើត​មានការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា។

«យើង​ត្រូវតែ​ដណ្ដើម​មកវិញ​នូវ​ទឹកដី​ទាំងអស់​របស់​យើង» លោក ហ្សេ​ឡែ​ន​ស្គី ឆ្លើយតប​នឹង​សំណួរ​របស់​ទីភ្នាក់ងារសារព័ត៌មាន Financial Times របស់ អង់គ្លេស កាលពី​ថ្ងៃទី ៧ មិថុនា។

លោក ហ្សេ​ឡែ​ន​ស្គី ថា រុស្ស៊ី បច្ចុប្បន្ន​កាន់កាប់​ទឹក​ទី ២០% របស់ អ៊ុយ​ក្រែ​ន។ លោក​ក៏​ធ្លាប់បាន​អះអាង​ជាច្រើនលើក​មកហើយ​ថា អ៊ុយ​ក្រែ​ន ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការចរចា​ជាមួយ រុស្ស៊ី ប៉ុន្តែ ប្ដេជ្ញា​មិន​ធ្វើ​សម្បទាន​ទឹកដី​ឱ្យ រុស្ស៊ី ជាដាច់ខាត។

បន្ទាប់ពី​បាន​ដកថយ​ពី ទីក្រុង​កៀវ កងទ័ព​របស់ រុស្ស៊ី បាន​ប្រមូល​កម្លាំង​នៅ​តំបន់ Donbass ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រួមមាន​ខេត្ត Luhansk (Lugansk) និង​ខេត្ត Donetsk រួម​នឹង​បណ្ដា​តំបន់​ដែល​នៅក្បែរ រុស្ស៊ី បំផុត។

ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ឱ្យដឹងថា Severodonetsk, Lysychansk, Popasna នៅតែ​ជា​តំបន់​ដែលមាន​ការលំបាក​ជាង​គេ។

ប្រកាស​របស់លោក ហ្សេ​ឡែ​ន​ស្គី ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​មានមតិ​ខ្លះ​យល់ថា អ៊ុយ​ក្រែ​ន គួរតែ​បញ្ចប់សង្គ្រាម​ដោយ​ការធ្វើសម្បទាន​ទឹកដី​ទៅឱ្យ រុស្ស៊ី ខណៈដែល​តំបន់​មួយចំនួន​ដូចជា Kherson ជាដើម កំពុងតែ​ត្រៀម​ធ្វើ​ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ខ្លួន​ទៅក្នុង សហព័ន្ធរុស្ស៊ី

Advertisement