ក្រុម​ពលរដ្ឋ​ «ភេទ​ទី​បី​» នៅ ប្រទេស​ថៃ នឹង​អាច «​រៀបការ​ជាមួយគ្នា​ដោយ​ស្របច្បាប់»

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា (Prayut Chan-o-cha)

រដ្ឋាភិបាល​ថៃ បានអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ដៃគូ​ស៊ីវិល (Civil Partnership Bill) ដែលមាន​មាត្រា​ជាច្រើន​អនុញ្ញាតឱ្យ​គូស្នេហ៍​ភេទ​ដូចគ្នា​ទទួលបាន​ការ​គាំពារ​ដោយ​ច្បាប់ មាន​សិទ្ធិ​រៀបការ មាន​សិទ្ធិ​និង​ភារកិច្ច​ដូច​ទៅនឹង​បណ្ដា​គូស្រករ​ធម្មតា​ដទៃទៀត។

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់ អូ​ចា (Prayut Chan-o-cha) កាលពី​ម្សិលមិញ​បាន​អះអាងថា សេចក្ដីព្រាងច្បាប់​ដៃគូ​ស៊ីវិល​គឺជា​ច្បាប់​ថ្មី​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​ជាស​កល ពិសេស​គឺ​សមភាព​យេនឌ័រ និង​ពហុ​ភេទ។ នេះ​គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្សជាតិ​ដែល​ត្រូវតែ​ទទួលបាន​ការការពារ​ទៅតាម​ច្បាប់​អន្តរជាតិ។

ទំនាក់ទំនង​របស់​ម​នុស្ស​ភេទ​ដូចគ្នា និង​អាពាហ៍ពិពាហ៍​របស់​មនុស្ស​ភេទ​ដូចគ្នា បាន​នាំឱ្យមាន​សំណើ​ស្ដីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​របស់ ប្រទេស​ថៃ ព្រោះតែ​សមាជិកគ្រួសារ​នានា​មាន​បញ្ហា​ផ្លូវច្បាប់​ដែល​ទាក់ទិន​នឹង​ការ​ស្នង​មរតក ទ្រព្យសម្បត្តិ ការធ្វើ​បណ្ដាំមរតក ការ​ពពោះ​ជំនួស ការទទួល​កូន​អ្នកដទៃ​មក​ចិញ្ចឹម និង​បញ្ហា​សង្គម​ជាច្រើន​ផ្សេងទៀត។

លោក ប្រា​យុទ្ធ ចាន់ អូ​ចា ឱ្យដឹងថា រដ្ឋាភិបាល​បានស្នើ​ឱ្យ ក្រសួងយុត្តិធម៌​សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ស៊ីជម្រៅ​លើ​សេចក្ដីព្រាងច្បាប់​នេះ និង​សួរ​យោបល់​គ្រប់​ស្ថាប័ន ទាំង​រដ្ឋ ទាំង​តំណាង​បណ្ដា​សាសនា ដើម្បី​កែសម្រួល​នូវ​បញ្ហា​ចន្លោះប្រហោង​នានា។

ក្រុម​មនុស្ស​ភេទ​ទីបី

សេចក្ដីព្រាងច្បាប់​ខាងលើ​ត្រូវបាន​អនុម័ត​កាលពី​ខែកក្កដា ២០២។ ដោយសារតែ រដ្ឋាភិបាល​ថៃ យល់ថា សេចក្ដីព្រាងច្បាប់​នេះ​ត្រូវការ​សិក្សា​បន្ថែម​ដើម្បី​ពិចារណា​អំពី​ភាពចាំបាច់ និង​សុំ​យោបល់​ពី​សាធារណជន វា​ក៏​ត្រូវបាន​ក្រុម​ប្រឹក្សាជាតិ ដែលជា​ទីប្រឹក្សា​របស់ រដ្ឋាភិបាល​ថៃ ពិនិត្យឡើងវិញ​មុនពេល​បញ្ជូនទៅឱ្យ គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី ៧ មិថុនា​កន្លងទៅ។

ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​នេះ អនុញ្ញាតឱ្យ​គូស្នេហ៍​ភេទ​ដូចគ្នា​ចុះបញ្ជី​អាពាហ៍ពិពាហ៍, សុំ​កូន​គេ​មក​ចិញ្ចឹម, មាន​សិទ្ធិ​ទាមទារ​មរតក និង​ឈរឈ្មោះ​កាន់កាប់​ទ្រព្យសម្បត្តិ។ សេចក្ដីព្រាងច្បាប់​នេះ​កំណត់ថា ដើម្បី​អាច​រៀបការ​បាន គូស្រករ​ភេទ​ដូចគ្នា​ត្រូវតែមាន​អាយុ​ចាប់ពី ១៧ ឆ្នាំ​ឡើងទៅ ហើយ​យ៉ាងតិច​ម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវតែ​ជា​ពលរដ្ឋ​ថៃ រួម​នឹង​ប្រការ​ជាច្រើន​ផ្សេងទៀត។

សេចក្ដីព្រាងច្បាប់​ខាងលើ​នឹង​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សភា​ដើម្បី​អនុម័ត មុនពេល​មាន​សុពល​ភាពជា​ផ្លូវការ។

Advertisement