ប្រធានាធិបតី​អ៊ុយ​ក្រែ​ន រិះគន់យ៉ាង​ធ្ងន់​លើ​ ប្រធានាធិបតី​បារាំង ជុំវិញ​រឿង​បញ្ចប់សង្គ្រាម​

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី និង ប្រធានាធិបតីបារាំង លោក ម៉ាក្រុង

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​រិះគន់​យ៉ាង​ធ្ងន់​ទៅលើ លោក ម៉ា​ក្រុង បន្ទាប់ពី​ប្រធានាធិបតី​បារាំង រូបនេះ និយាយថា «មិនត្រូវ​បំបាក់មុខ រុស្ស៊ី»។

«ដើម្បី​ក្លាយជា​មេដឹកនាំ អ្នក​មិនចាំបាច់​ចាត់ទុក​ខ្លួនឯង​ជា​មេដឹកនាំ ប៉ុន្តែ​ចូរ​ប្រព្រឹត្ត​ឱ្យ​ដូច​ទៅនឹង​មេដឹកនាំ​ម្នាក់» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី ៧ មិថុនា។ លោក​បន្តថា «ធ្វើយ៉ាងណា​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅលើ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ដោយ​មិន​ត្រូវការ​ស្ដាប់​គោលជំហរ​របស់​យើងខ្ញុំ របស់​មេដឹកនាំ​ប្រទេស​នេះ? ការណ៍​នេះ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់»។

មតិ​របស់​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃទី ៤ មិថុនា បាន​អំពាវនាវ​កុំឱ្យ «បំបាក់មុខ រុស្ស៊ី» នៅពេល​វាយតម្លៃ​ស្ថានការណ៍​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

«យើង​មិនត្រូវ​បំបាក់មុខ រុស្ស៊ី ទុក​ដល់ពេល​សង្គ្រាម​ឈប់​ទ្រឹង​មកវិញ យើង​អាច​កសាង​ច្រកចេញ​តាមរយៈ​វិធានការ​ការទូត។ ខ្ញុំ​ជឿថា បារាំង ដើរតួនាទី​ជា​មហាអំណាច​សម្រុះសម្រួល។ យើង​មិន​មិន​បំបាក់មុខ​អ្នកណា​ទាំងអស់។ យើង​នឹង​ឆ្លើយតប​ឱ្យបាន​សមស្រប» លោក ម៉ា​ក្រុង អះអាង​ដូច្នេះ។

លោក ហ្សេ​ឡែ​ន​ស្គី ឱ្យដឹងថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ចូលរួម​កិច្ចចរចា​ជាមួយ រុស្ស៊ី ប៉ុន្តែ មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ពិភាក្សា​អំពី​ការបញ្ចប់​សង្គ្រាម​បាន គឺ​លោក ពូ​ទីន។

Advertisement