សិង្ហ​បុរី រឹតបន្តឹង​សន្តិសុខ​ដើម្បី​ត្រៀម​ការពារ​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ឆ្នាំ​ ២០២២ ដែល​នឹង​មាន​ប្រតិភូ​ជាង​ ៥០០ ក្រុម​ចូល​រួម​

ទាហានរាប់ពាន់នាក់របស់ សិង្ហបុរី ក៏ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ

រដ្ឋាភិបាល​សិង្ហ​បុរី ថ្មី ៗនេះ​បានឱ្យដឹងថា នឹង​បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ​ដើម្បី​ធានា​ចរាចរណ៍​ឱ្យបាន​រលូន ក៏ដូចជា​ការពារ​សន្តិ​សុខ សុវត្ថិភាព​ជូន​ដល់​ក្រុម​ប្រតិភូ​នានា​ដែល​នឹងចូលរួម ព្រឹត្តិការណ៍​សន្ទនា IISS Shangri-La ២០២២។

ក្រសួងការពារជាតិ​សិង្ហ​បុរី អះអាងថា នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​រៀប​ចំ និង​ដៃគូ​សហការ​នានា​ដើម្បី​រៀបចំ​វិធាន​ការធានា​សន្តិសុខ​ខ្ពស់បំផុត និង​ធ្វើការ​កែសម្រួល​ស្ថានការណ៍​នានា​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រតិភូ​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ។

ទាហាន​រាប់ពាន់នាក់​របស់ សិង្ហ​បុរី ក៏ត្រូវ​បានដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ។ ទន្ទឹមនឹងនេះ សមត្ថកិច្ច​ក៏​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ដំឡើង​កាមេរ៉ា នៅ​ជុំវិញ​សណ្ឋាគារ IISS Shangri-La ២០២២ សម្រាប់​តាមដាន​រាល់​សភាពការណ៍​ដើម្បី​អាច​រកឃើញ និង​ទប់​ទល់នឹង​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​នៃ​ព្រឹត្តិការណ៍​នេះ។

ប្រជាជន​សិង្ហ​បុរី ត្រូវបាន​ស្នើឱ្យ​ចៀស​ពី​បណ្ដា​ដងផ្លូវ​ដែល​នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ព្រឹត្តិការណ៍​ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ មិថុនា ហើយ​ត្រូវគោរព​តាម​ការណែនាំ​របស់​ប៉ូលិស​នៅពេល​ចូលរួម​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្បែរ​តំបន់​សណ្ឋាគារ Shangri-La។

ព្រឹត្តិការណ៍​សន្ទនា IISS Shangri-La លើក​ទី ១៩ ឆ្នាំ ២០២២ ត្រូវបាន​រៀបចំ​ឡើងវិញ​បន្ទាប់ពី​ត្រូវ​ផ្អាក​ពីរ​ឆ្នាំ​ដោយសារ​កូ​វីដ-១៩។ ឆ្នាំនេះ Shangri-La គ្រោង​នឹង​ទទួល​ប្រតិភូ​ជាង ៥០០ ក្រុម មកពី​ប្រទេស និង​ដែនដី​ជិត ៥០ ក្នុង​ពិភពលោក។

ព្រឹត្តិការណ៍​សន្ទនា IISS Shangri-La គឺជា​វេទិកា​លំដាប់​កំពូល​ដែល​ពិភាក្សាគ្នា​អំពី​បញ្ហា​សន្តិសុខ និង​ការពារជាតិ​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក។ នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​ធ្វើជា​វាគ្មិន​សំខាន់ ថ្លែង​សន្ទរកថាគន្លឹះៗនៅក្នុង​ថ្ងៃ​បើក​កិច្ចសន្ទនា។ ក្រៅពីនេះ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក និង ចិន ក៏បាន​បញ្ជាក់ថា នឹងចូលរួម​កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី​ នេះ​។

ចំណែក​ កម្ពុជា វិញ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ ​ចូលរួម​កិច្ចសន្ទនា Shangri-La លើក​ទី ១៩ នេះផងដែរ៕

Advertisement