ប្រទេស​ចិន ជំទាស់​ដាច់ខាត រឿង​ដែល អាម៉េរិក លក់​អាវុធ​ឱ្យ កោះ​តៃវ៉ាន់

អ្នកនាំពាក្យ​នៃ ក្រសួងការបរទេស​ចិន Zhao Lijian បានឱ្យដឹងថា ប្រទេស​ចិន ប្ដេជ្ញា​ប្រឆាំងនឹង​ការដែល សហរដ្ឋ​អាម៉េរិក លក់​អាវុធ​ឱ្យ កោះ​តៃវ៉ាន់ និង​បន្ត​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ផលប្រយោជន៍​ជាតិ។

យោងតាម​អ្នកនាំពាក្យ​របស់ ក្រសួងការបរទេស​ចិន Zhao Lijian ការដែល អាម៉េរិក លក់​អាវុធ​ឱ្យ កោះ​តៃវ៉ាន់ បាន​រំលោភ​លើ​គោលការណ៍ «ប្រទេស​ចិន​តែមួយ» និង​សេចក្ដីប្រកាស​រួម​ចំនួន ៣ រវាង ចិន-អាម៉េរិក បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព ប្រយោជន៍​របស់ ប្រទេស​ចិន និង​ទំនាក់ទំនង​ចិន-អាម៉េរិក ក៏ដូចជា​សន្តិភាព និង​ស្ថិរភាព​នៅ ច្រក​សមុទ្រ​តៃវ៉ាន់។

លោក Zhao Lijian បានស្នើ​ឱ្យ សហរដ្ឋ​អាម៉េរិក លុបចោល​គម្រោង​លក់​អាវុធ​ខាងលើ ក៏ដូចជា​បញ្ឈប់​ទំនាក់​ទំនង​យោធា​រវាង អាម៉េរិក និង កោះ​តៃវ៉ាន់។ ប្រទេស​ចិន នឹង​បន្ត​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​ការពារ​អធិបតេយ្យភាព និង​ផលប្រយោជន៍​របស់ខ្លួន។

ចំណែក​អ្នកនាំពាក្យ​របស់ ក្រសួងការពារជាតិ​ចិន លោក Tan Kefei យល់ថា តៃវ៉ាន់ គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​ដែល​មិនអាច​កាត់ផ្ដាច់​បាន​រប​ស់ ប្រទេស​ចិន។ ការដែល អាម៉េរិក លក់​អាវុធ និង​ផ្ដល់ជំនួយ​បច្ចេកទេស​ដល់ កោះ​តៃវ៉ាន់ គឺជា​សកម្មភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សន្តិភាព និង​ស្ថិរភាព​របស់​ច្រក​សមុទ្រ​នេះ និង​បាន​អំពាវ​ឱ្យ​បញ្ឈប់​ទង្វើ​បែបនេះ។

ប្រតិកម្ម​របស់​អ្នកនាំពាក្យ​របស់ ក្រសួងការបរទេស​ចិន និង ក្រសួងការពារជាតិ​ចិន ខាងលើ ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា សហរដ្ឋ​អាម៉េរិក បានអនុម័ត​លក់​គ្រឿងបន្លាស់​សម្រាប់​ជួសជុល​នាវាចម្បាំង និង​ផ្ដល់ជំនួយ​ផ្នែក​បច្ចេកទេស ដែលមាន​តម្លៃ ១២០ លាន​ដុល្លារ​អាម៉េរិក ដល់ កោះ​តៃវ៉ាន់៕

Advertisement