អ៊ុយ​ក្រែ​ន ដាក់ពង្រាយ​​មី​ស៊ី​ល​​ប្រឆាំង​​នាវា​ចម្បាំង​ ផលិត​​ដោយ​ សហរដ្ឋ​​អាម៉េរិក

ប្រព័ន្ធ​ទម្រ​បាញ់​មីស៊ីល​នៅ​លើ​នាវា​ចម្បាំង USS Milius

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន Alexey Reznikov កាលពី​ម្សិលមិញ​បានប្រកាសថា កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​នេះ​បានដាក់​ពង្រាយ​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ដែល​ផលិត​ដោយ សហរដ្ឋ​អាម៉េរិក។

ទីភ្នាក់ងារសារព័ត៌មាន RT បានឱ្យដឹងថា មុន​នោះ ប្រទេស​ដា​ណឺ​ម៉ាក បានប្រកាសថា បាន​បញ្ជូន​អាវុធ​ខាងលើ​ទៅឱ្យ ទីក្រុង​កៀវ កាលពី​ខែឧសភា​កន្លងទៅ។ យោងតាម​លោក Alexey Reznikov សមត្ថភាព​នៃ​ការការពារ​ឆ្នេរសមុទ្រ​របស់ អ៊ុយ​ក្រែ​ន បាន​កើនឡើង​មួយកម្រិត​ទៀត​ដោយសារ​ប្រព័ន្ធ Harpoon ដ៏​មាន​ប្រសិទ្ធភាព។ ប្រព័ន្ធ​ទាំងនេះ បូករួម​នឹង​មី​ស៊ី​ល Neptune ដែល​ផលិត​ដោយ អ៊ុយ​ក្រែ​ន បាន​បង្ខំ​ឱ្យ «ក្រុម​នាវាចម្បាំង​របស់​សត្រូវ រក្សា​គម្លាត​ដើម្បី​ជៀសវាង​ការទទួល​លទ្ធផល​អាក្រក់​ដូច​ទៅនឹង​កំពូល​នាវាចម្បាំង Moskva នៃ​ក្រុម​នាវាចម្បាំង​សមុទ្រ​ខ្មៅ​របស់ រុស្ស៊ី»។

គួររំលឹកថា កាលពី​ពាក់កណ្ដាល​ខែមេសា​កន្លង​ទៅ អ៊ុយ​ក្រែ​ន ប្រកាសថា នាវា​ល្បាត​សមុទ្រ Moskva របស់ រុស្ស៊ី ត្រូវបាន​កងកម្លាំងរ​បស់ អ៊ុយ​ក្រែ​ន បាញ់​ពន្លិច​ដោយ​ប្រើប្រាស់​មី​ស៊ី​ល Neptune។ ប៉ុន្តែ ភាគី​ខាង រុស្ស៊ី អះអាងថា នាវាចម្បាំង​របស់ខ្លួន​ត្រូវ​លិច​ដោយសារ​មាន​អគ្គិភ័យ និង​ខ្យល់ព្យុះ។

លោក Alexey Reznikov ធ្លាប់បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួម​ផ្សំ​រវាង​មី​ស៊ី​ល Harpoon និង Neptune ដោយ​យល់ថា ពួកវា​នឹង​គាំទ្រ​ដល់ អ៊ុយ​ក្រែ​ន ក្នុងការ «រំដោះ និង​ជួយ​ឱ្យ សមុទ្រ​ខ្មៅ មាន​សុវត្ថិភាព​ឡើងវិញ»។

មី​ស៊ី​ល Harpoon ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន McDonnell Douglas អាច​បាញ់​ចេញពី​ទម្រ​ច្រើន​ប្រភេទ។ ដា​ណឺ​ម៉ាក កំពុង​ប្រើប្រាស់​មី​ស៊ី​ល RGM-៨៤L-4 Harpoon Block II អាច​បាញ់​បាន​រយៈ​ចម្ងាយ ១៣០ គីឡូម៉ែត្រ។ ចំណែក Neptune វិញ​គឺជា​កំណែ​ថ្មី​នៃ មី​ស៊ី​ល Kh-៣៥ របស់ អ៊ុយ​ក្រែ​ន ដែលមាន​តាំងពី​សម័យ សូ​វៀត និង​អាច​បាញ់​បាន​រយៈ​ចម្ងាយ ២៨០ គីឡូម៉ែត្រ៕

Advertisement