លិច​កប៉ាល់​នៅ សមុទ្រ​ក្រហម ធ្វើឱ្យ​ចៀម​ជាង ១៥,០០០ ក្បាល​ត្រូវ​ងាប់​ដោយសារ​លង់ទឹក

(ស៊ូដង់)-កប៉ាល់​មួយគ្រឿង​ដែល​ដឹក​សត្វ​ចៀម ១៥,៨០០ ក្បាល នៅ​កំពង់ផែ Suakin លើ​សមុទ្រ​ក្រហម បាន​លិច បណ្ដាលឱ្យ​សត្វ​ចៀម​ភាគច្រើន​ត្រូវ​លង់ទឹក​ងាប់ ប៉ុន្តែ សំណាងល្អ ក្រុម​នាវិក​បាន​រួច​ពី​ការស្លាប់។

មន្ត្រីជាន់ខ្ពស់​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់ កំពង់ផែ Suakin បានឱ្យដឹងថា កប៉ាល់ Badr ១ បាន​លិច​នៅវេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី ១២ មិថុនា ពេល​កំពុង​ដឹក​សត្វ​ចៀម​ពី ស៊ូដង់ ទៅកាន់ អា​រ៉ា​ប៊ី​សា​អូឌីត។

«កប៉ាល់​ដឹក​សត្វ​ចៀម ១៥,៨០០ ក្បាល… លើស​ចំណុះ» មន្ត្រី​ខាងលើ​និយាយ​ដូច្នេះ និង​បញ្ជាក់ថា ចំណុះ​អតិបរមា​គឺ ចៀម ៩,០០០ ក្បាល។

មន្ត្រី​មួយរូប​ផ្សេងទៀត បានឱ្យដឹងថា សមាជិក​ក្រុម​នាវិក​ទាំងអស់​បាន​រួច​ពី​ការស្លាប់ ប៉ុន្តែ បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន​ដែល​កើតឡើង​ដោយសារ​គ្រោះថ្នាក់​នេះ។

តម្លៃ​របស់​សត្វ​ចៀម​ដែល​បាន​ងាប់​ទាំងនេះ «ប្រហែល ១៤ លាន​រី​យ៉ា​ល (riyal) ស្មើនឹង ៤ លាន​ដុល្លារ​អាម៉េរិក» នេះ​បើតាម Saleh Selim ប្រធាន​គណៈកម្មការ​ស​ត្វ​ចតុប្បាទ នៃ សមាគម​នីហរ័ណ​រប​ស់ ស៊ូដង់។ លោក Saleh បន្តថា ម្ចាស់​សត្វ​ទាំងនេះ​សង្គ្រោះ​សត្វ​ចៀម​បានតែ​ប្រហែល ៧០០ ក្បាល​ប៉ុណ្ណោះ «ប៉ុន្តែ ពួកវា​ខ្សោយកម្លាំង​ខ្លាំងណាស់ ប្រហែលជា​មិនអាច់​រស់​ទេ»។

កាលពី​ខែ​កន្លង ហេតុការណ៍​អគ្គិភ័យ​ធំ​មួយ​បាន​កើតឡើង​នៅក្នុង​តំបន់​ផ្ទុកទំនិញ​នៃ​កំពង់ផែ Suakin បង្កឱ្យមាន​ការខាតបង់​យ៉ាង​ធំធេង។ បច្ចុប្បន្ន គេ​មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ។

Advertisement